បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី បំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំ ក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី បំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំ ក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអបរំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានអោយដឹងថា៖គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំ ក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់ ក្នុងនោះរួមមាន មេដាយមាសចំនួន៨៤នាក់ មេដាយប្រាក់ចំនួន១២៧នាក់ មេដាយសំរឹទ្ធចំនួន២០៨នាក់ និងប័ណ្ណសរសើរចំនួន៥៧នាក់ ជូនដល់មន្ត្រីដែលចូលនិវត្តន៍ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៍បានធ្វើការសាទរចំពោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលបានកិត្តិយស ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធនៃរាជបណ្ឌិតសភាកម្ពុជា មានគោរមងារជាបណ្ឌិតសភាចារ្យ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៍បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាការ សម្តេចតែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំ តាមរយៈការបង្កើនបៀវត្សន៍ ដល់មន្ត្រីអប់រំ ដូច្នេះក្នុងឆ្នាំ២០១៧នេះ ប្រាក់បៀវត្សន៍ទាបបំផុត របស់មន្ត្រីអប់រំក្របខណ្ឌ គ គ្រូចេញថ្មី បានឡើងទៅដល់៩៥ម៉ឺនរៀល ហើយឆ្នាំថ្មីនេះ នឹងកើនឡើងដល់ជាង១លានរៀលផងដែរ ចំណែកឯប្រាក់បៀវត្សន៍ ទាបបំផុត គ្រូក្របខណ្ឌ ក និង ខ គឺបានជាង១លានរៀលរួចហើយ នេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក្នុងការលើកទឹកចិត្តដល់មន្ត្រីអប់រំទូទាំងប្រទេស ។

ឯកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៍បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អស់លោកលោកស្រី ជាអ្នកគ្រូលោកគ្រូ ក្នុងខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែង អនុវត្តនូវគោលនយោបាយកំណែទម្រង់របស់ក្រសួង ក៍ដូចជាបំពេញនូវភារកិច្ច ប្រកបដោយសតិសម្បញ្ញៈខ្ពស់ តាមរយៈការខិតខំប្រឹងប្រែងនេះ កម្ពុជាច្បាស់ជាឈានពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងក្លាយជាប្រទេសដែលមានប្រាក់ចំនូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងឈានទៅជាប្រទេសអភិវឌ្ឍន៍នៅក្រោយឆ្នាំ២០៣០ ៕









ដោយ៖ វ៉ាន់ វីរៈ