បណ្តាញសង្គម

ការបង្ករបង្កើនស្រូវវស្សាក្នុងខេត្តត្បូងឃ្មុំក្នុងឆ្នាំនេះអនុវត្តបានប្រមាណ៦៨%ហើយ

ត្បូងឃ្មុំ៖ គិតមកដល់ ដើមខែកក្កដា ឆ្នាំ2017 នេះការ បង្ករបង្កើន ផលស្រូវវស្សា អនុវត្តភ្ជួរាស់ បានប្រមាណ ៨២ភាគរយ នែផែនការ ផ្ទៃដីដាំដុះ និងដាំដុះបាន ប្រមាណ៦៨% នេះបើតាមការបញ្ជាក់ របស់លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកមាន ប្រសាសន៍ ឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ មានភ្លៀង កក់ខែ បន្តិចបន្ទួច តែរដូវវស្សា បានចាប់ផ្តើម តាំពីដើម រដូវហើយ ធ្លាក់ញឹកញាប់ ចាប់តាំងពី ខែមេសារហូតដល់ ខែនេះ។ កត្តានេះ ធ្វើឲ្យកសិករ ចាប់ផ្តើមភ្ជួរាស់ និងសាបព្រោះ ស្រូវវស្សា លឿនជាង ឆ្នាំមុនៗ បូកទាំង ដំណាំផ្សេងៗ ផងដែរ។

លោកបន្តថា ដោយសារ មានភ្លៀង ធ្លាក់ច្រើន រួមផ្សំកង្វះ ប្រព័ន្ធបញ្ជៀសទឹក ធ្វើឲ្យស្រែស្រូវ ក្នុងភូមិសាស្ត្រ មួយចំនួន នៃស្រុកតំបែរ ពញាក្រែក ត្បូងឃ្មុំ និងស្រុក អូរាំងឪ ទទួលរងការ លេចលង់ រលួយស្រូវ ពង្រោះម្តង ជាពីដង អស់ជាច្រើនហិចតា។

ក្នុងនោះ ពពួកសត្វចង្រៃ ដូចជាខ្មុល និងខ្យង ក៏បានកើត យ៉ាងឆាប់រហ័ស ហើយបំផ្លាញ ស្រូវ ប្រជាពលរដ្ឋ ថែមទៀត។ លោក ហេង ពិសិដ្ឋ បញ្ជាក់ថា បើតាមការ ប៉ាន់ប្រមាណ ផ្ទៃដីបង្ករបង្កើន ផលស្រូវ ដែលខូចខាត មានប្រមាណ ៦១២០ ហិចតា លើ២០ឃុំ ក្នុងស្រុកតំបែរ ពញាក្រែក ត្បូងឃ្មុំ និងអូរាំងឪ ។

តែយ៉ាងណា បញ្ហានេះ មន្ទីររួមទាំង អាជ្ញាធរ មូលដ្ឋាន បានចុះស្រាវជ្រាវ និងផ្សព្វផ្សាយ ពីវិធានការ បច្ចេកទេស ទប់ស្កាត់ កម្ចាត់សត្វចង្រៃ និងយន្តការ ស្តាស្រូវ ដែលខូចខាត បានប្រមាណ៦០%។

ជាមួយគ្នានោះ កាលពីថ្ងៃទី10 ខែកក្កដា ឆ្នាំ2017 កន្លងទៅថ្មីៗ នេះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយក ស្រូវពូជ ទៅចែកជូនប្រជាជន ដែលរងគ្រោះ ដោយគ្រោះធម្មជាតិ និងការបំផ្លាញ ដោយសត្វចង្រៃ ចំនួន ១២៤៥ គ្រួសារ ដោយក្នុងមួយ គ្រួសារទទួលបាន ស្រូវពូជចំនួន 25 គីឡូក្រាម៕