បណ្តាញសង្គម

រថយន្ដរបស់វៀតណាម ពាក់ស្លាកលេខខ្មែរក្លែងក្លាយ ចូលមកដឹកឈើដល់ខេត្តកំពង់ស្ពឺ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចនៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ រថយន្ដ ដឹកឈើ ប្រណិតមួយគ្រឿង ដែលសមត្ថកិច្ច អះអាងថា បានធ្វើដំណើរ ចេញពីទឹកដី ខេត្តកំពង់ស្ពឺ បំណងឆ្ពោះទៅ ប្រទេសវៀតណាម នោះត្រូវបាន កម្លាំងសមត្ថកិច្ច ខេត្តត្បូងឃ្មុំ ចាប់ឃាត់ បានដោយ រកឃើញ ឈើប្រណិត ជាច្រើនដុំ មានមុខ កាត់ធំៗ ប៉ុន្ដែអ្នក បើករថយន្ដ បានរត់គេច ខ្លួនដោយ សុវត្ថិភាព។

ប៉ុន្ដែអ្វីដែល ហួសចិត្តបំផុតនោះ ត្រូវបាន សមត្ថកិច្ច លួចបង្ហើបថា រថយន្ដនេះ ត្រូវបានប្រើប្រាស់ និងមានម្ចាស់ កម្មសិទ្ធិនៅ ក្នុងប្រទេសវៀតណាម ហើយបាន លួចបើកចូលមកទឹកដី កម្ពុជា ដោយពាក់ស្លាកលេខ ក្លែងក្លាយ ទៀតផង គឺស្វាយរៀង3A-9391។ មន្ដ្រីនគរបាល ខេត្តត្បូងឃ្មុំ នៅរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មាន រថយន្ដដឹកឈើ មួយគ្រឿងនេះ ចូលទឹកដី ខេត្តត្បូងឃ្មុំ ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ សហការជាមួយ មន្ដ្រីរដ្ឋបាល ព្រៃឈើ ស្ទាក់ចាប់បាន ប៉ុន្ដែអ្នកបើក រថយន្ដគេចខ្លួន ពេលដែលឃើញ ក្រុមសមត្ថកិច្ច ចុះទៅដល់។

តាមការពិនិត្យ ជាក់ស្ដែង រថយន្ដនេះ អាចធ្វើដំណើរ ឆ្ពោះទៅ ខេត្តក្រចេះ ឬខេត្តមណ្ឌលគិរី ដើម្បីចេញ ទៅវៀតណាម ប៉ុន្ដែត្រូវ ជាប់ជុច របស់សមត្ថកិច្ច ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នឈើប្រណិត ជាច្រើនដុំនេះ ត្រូវបានប្រគល់ ឲ្យមន្ដ្រី រដ្ឋបាលព្រៃឈើ ដើម្បីធ្វើការ វាស់វែង និងចាត់វិធានការ នីតិវិធី៕