បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងអំពាវនាវបងប្អូននៅតាមដងទន្លេ មេត្តាប្រុងប្រយ័ត្ន ក្នុងស្ថានភាពទឹក

ផ្លូវ សាលារៀន និងផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ លិចលង់ក្នុងស្រុក នៅតាមដងទន្លេមេគង្គ ,អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងអំពាវនាវបងប្អូននៅតាមដងទន្លេ មេត្តាប្រុងប្រយ័ត្ន

ក្នុងស្ថានភាពទឹកទន្លេមេគង្គ ដែលកំពុងតែសម្រុកហក់ឡើងខ្លាំង ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ អភិបាលរងខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យទីទួលសុវត្ថិភាព1កន្លែង នៅទល់មុខប៉មទន្លេបិត ដែលបងប្អូនប្រជាពលរដ្ឋ បានជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន និងទីតាំងផ្សេងៗទៀត ដែលទឹកទន្លេបានគ្របដណ្តប រងផលប៉ពាល់ដល់បងប្អូនប្រជាពលរដ្ឋ ។

បើតាមលោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ អោយដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ កម្រិតកម្ពស់ទឹកឡើងដល់ 14,54 ម៉ែត្រ នៅតាមដងទន្លេមេគង្គ បានធ្វើអោយរងផលប៉ះពាល់ លិចលង់ដល់ស្រុកចំនួន៤ នៅតាមដងទន្លេ ក្នុងនោះស្រុកដែលលិចលង់ខ្លាំងជាងគេ មានស្រុកចំនួន២ គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ជាក់ស្តែង ឃុំដែលលិចលង់ខ្លាំង មានឃុំទន្លេបិទ ឃុំជីរោទ៍ ឃុំបឹងព្រួល និងឃុំពាមជីលាំង ដែលបណ្តាលអៅយ លំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន ផ្លូវថ្នល់ ដំណាំនានា បានលិចលង់ស្ទើរទាំងស្រុង។

ក្នុងស្ថានភាពទឹក មានសន្ទុះឡើង ដែលជាក្តីព្រួយបារម្មណ៍ ដល់សុខទុក្ខបងប្អូន ប្រជាពលរដ្ឋនោះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៍បានអំពាវនាវអោយបងប្អូន នៅតាមដងទន្លេទាំងអស់ យកចិត្តទុកដាក់ តាមដាននូវព័ត៍មាននានា ទាក់ទងនឹងកម្រិតទឹកភ្លៀង និងកម្ពស់ទឹកទន្លេ អោយបានជាប់ និងមើលថែកូនចៅតូចៗ របស់ខ្លួនអោយបានល្អ ដើម្បីត្រៀមខ្លួនទុកជាមុន បង្ការ ទប់ស្កាត់ នូវរាល់បញ្ហានានា ដែលកើតឡើង ជាយថាហេតុ ជាពិសេសសត្វអសេរពិសផ្សេងៗ ព្រមទាំងសូមអោយបងប្អូន រក្សាអនាម័យ អោយបានស្អាត ដើម្បីទទួលបានសុខភាពល្អ ជាសឆ្ងាយពីការរាគរូស និងជម្ងឺដង្កាត់ផ្សេងៗ ដែលកើតចេញពីទឹកកខ្វក់ ក្នុងគ្រាដែលទឹកទន្លេ ហក់ឡើងយ៉ាងខ្ពស់នេះ ៕

សូមជម្រាបថា៖ កម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី31 ខែកក្កដា ឆ្នាំ២០១៧ ទឹកមានកម្ពស់ 14,54 ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង 0,18 ម៉ែត្រ ធៀបនឹងឆ្នាំមុន ខ្ពស់ជាង 7,34 មែត្រ ។

ក្នុងនោះ កម្ពស់ទឹកប្រកាស ឲ្យមានការប្រុងប្រយត្ន័គឺ ១៥,២០ម៉ែត្រ ដូចច្នេះ នៅសល់តែ 0,66 ម៉ែត្រទៀតទេ នឹងដល់កម្រិត ប្រកាសអាសន្នហើយ ដូច្នេះសូមបងប្អូន ដែលរស់នៅតាមដងទន្លេទាំងអស់ជ្រាប និងធ្វើការត្រៀមខ្លួន ប្រុងប្រយ័ត្នទាំងអស់គ្នា ៕វីរៈ៚

ដោយ៖ វ៉ាន់ វីរៈ