បណ្តាញសង្គម

ប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដី ខេត្តត្បូងឃ្មុំថ្មី ខណៈប្រធានមន្ទីរចាស់ ផ្លាស់ប្តូរទៅកាន់ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ចាម

(ត្បូងឃ្មុំ)៖ លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដីខេត្តត្បូងឃ្មុំ ដែលបានកាន់តំណែងជាង៣ឆ្នាំកន្លងទៅ ចាប់តាំងពីខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងនៅពេលនេះ ត្រូវបានផ្លាស់ប្ដូរទៅកាន់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដីខេត្តកំពង់ចាម ក្រោយប្រធានមន្ទីររៀបចំដែនដីកំពង់ចាម ចាស់ត្រូវចូលនិវត្តន៍។

 ជាមួយគ្នានេះ លោក ប៉ូច សុធារិទ្ធ ជាអនុប្រធានមន្ទីររៀបចំដែនដី ខេត្តត្បូងឃ្មុំ ត្រូវឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដីថ្មី របស់ខេត្តត្បូងឃ្មុំ។

ពិធីប្រកាសប្ដូរផ្លាស់ប្តូរតំណែងនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឲ្យលោករដ្ឋមន្រ្តី ជា សុផារ៉ា ព្រមទាំងមានការចូលរួមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ការផ្លាស់ប្តូរ ការចូលនិវត្តន៍ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿន និងទាន់ពេលវេលា ជាពិសេសយកតម្លៃសេវានានា ពីប្រជាពលរដ្ឋ ទៅតាមច្បាប់កំណត់។

លោក ប៉ូច សុធារិទ្ធ ដែលទើបឡើងកាន់តំណែងជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ បានឡើងប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល, គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៍ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស ពេលវេលា ជូនដល់ប្រជាពលរដ្ឋ, ជាមួយគ្នានោះលោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ នឹងមានពិធីប្រកាសប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដី ខេត្តកំពង់ចាមថ្មី ក្រោយប្រធានមន្ទីរចាស់ ចូលនិវត្តន៍ផងដែរ ៕