បណ្តាញសង្គម

ស្ត្រីម្នាក់ស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈពេលទៅមើលទឹកស្រែ ពេលភ្លៀងកំពុងធ្លាក់ខ្លាំង និងមានផ្គររន្ទះ

 (ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៤៧នាទី លោកនាយប៉ុស្តិ៍នគរបាលទ្រៀក បានទទួលព័ត៌មានពីលោកមេភូមិប្រិយ៍ថា មានស្រ្តីម្នាក់ឈ្មោះ អ៊ុន ស្វិត អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្លាប់ដោយសាររន្ទះបាញ់ ខណៈពេលទៅមើលទឹកស្រែរបស់ខ្លួន គ្រាដែលមេឃកំពុងបង្អុលភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយមានផ្លេកបន្ទោរ លាយលំជាមួយផ្គររន្ទះលាន់លឺពេញមេឃ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកនាយប៉ុស្តិ៍ និងកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និងធ្វើការពិនិត្យទៅលើសាកសព ខ្លាចមានពាក់ព័ន្ធក្នុងករណីឃាតកម្ម ។ ក្រោយពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើសាកសពរួចរាល់ កម្លាំងជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ គឺពិតជាស្លាប់ដោយសាររន្ទះពិតប្រាកដមែន មិនមែនជាឃាតកម្ម ឬករណីផ្សេងនោះឡើយ។

បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

ទាក់ទិននឹងករណីគ្រោះធម្មជាតិរន្ទះនេះ អាជ្ញាធរបានធ្វើការក្រើនរំលឹក ក៍ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលមេឃភ្លៀង មានខ្យល់ ផ្គរ និងរន្ទះនោះ សូមជ្រក និងនៅបណ្តោះអាសន្នទីកន្លែងដែលមានសុវត្ថិភាព ជាពិសេសសូមផ្អាកប្រើប្រាស់រាល់វត្ថុ ដែលអាចស្រូបនៅចរន្តរន្ទះបាន ដើម្បីបង្ការ និងទប់ស្កាត់ ពីគ្រោះធម្មជាតិរន្ទះបាញ់នេះ ដែលអាចឆក់យកជីវិតយើង ត្រឹមមួយពព្រិចភ្នែកតែប៉ុណ្ណោះ ៕វីរៈ៚