បណ្តាញសង្គម

អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យផ្ទាល់​ការស្នាក់នៅរបស់បេក្ខជនប្រឡងក្នុងក្រុងសួង និងយកបេក្ខជនដែលមិនស្រួលខ្លួនទៅមន្ទីរពេទ្យ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ អមដំណើរដោយ លោក ជា ណារុន ប្រធានយុវជន គណបក្សក្រុងសួង និងសមាជិកគណបក្សប្រជាជន ចុះសួរសុខទុក្ខបេក្ខជន ដែលមកពីតាមទីជនបទ ត្រូវប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ តាមផ្ទះស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ ។

ការចុះពិនិត្យផ្ទាល់ទាំងយប់ របស់ ឯកឧត្តម អភិបាលរងខេត្ត ក្នុងគោលបំណង ដើម្បីស្វែងយល់កាន់ តែច្បាស់ពីរបៀបរបប ស្នាក់នៅ និងការហូបចុក របស់បេក្ខជន និងអាណាព្យាបាល ដើម្បីធ្វើយ៉ាងណាកុំឲ្យ មានបញ្ហាសុខភាព ក្នុងពេលដំណើរការប្រឡង ។

ក្នុងឱកាស ចុះពិនិត្យនេះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានបញ្ជូន បេក្ខជន៣នាក់ ដែលមានបញ្ហាសុខភាព ទៅកាន់មន្ទីរពេទ្យ ក្នុងក្រុងសួងផងដែរ ដើម្បីពិនិត្យព្យាបាលភ្លាម ជៀសវាងមានសភាព កាន់តែធ្ងន់ធ្ងរ ដោយមិនអាចប្រឡងកើត ។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌល ប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅខេត្តផ្សេងៗទៀត ។

សូមបញ្ជាក់ថា បេក្ខជនប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដោយឡែក ខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប ៣.១៥១ នាក់ ស្រី ១.១៦០នាក់ ចែកចេញជា ៥មណ្ឌល មាន១២៧បន្ទប់ ៕