បណ្តាញសង្គម

បវរកញ្ញាពិភពលោកមកពី៦៥ប្រទេស បានទៅដល់ខេត្តត្បូងឃ្មុំហើយ ដើម្បីបើកបេសកកម្មបំផុសចលនា គាំពារបរិស្ថាន​ ជាមួយពលរដ្ឋកម្ពុជា

(ត្បូងឃ្មុំ)៖ បវរកញ្ញាពិភពលោក មកពី៦៥ប្រទេស នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទៅដល់ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំហើយ ដើម្បីបើកបេសកកម្ម បំផុសចលនាគាំពារបរិស្ថាន ជាមួយពលរដ្ឋកម្ពុជា មុនចាប់ផ្ដើមប្រកួតជ្រើសរើស ជ័យលាភីបរកញ្ញា ពិភពលោក ឆ្នាំ២០១៧ (Miss Globle 2017) ។

ក្នុងដំណើរនៃការ មកដល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ របស់បវរកញ្ញាពិភពលោក ៦៥ប្រទេសនេះ មានការទទួលស្វាគមន៍ យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម  លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងបណ្ដាល មន្ដ្រីដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រតិភូបវរកញ្ញា ពិភពលោក ឆ្នាំ២០១៧ ទាំង៦៥ប្រទេស និងជ័យលាភីបវរកញ្ញា ពិភពលោក ឆ្នាំ២០១៦ នឹងទៅជួបជាមួយ ប្រជាពលរដ្ឋ សិស្សានុសិស្ស នៅស្រុកអូររាំងឪ ដើម្បីបំផុសចលនា គាំពារបរិស្ថាន បំផុសគំនិតឲ្យចេះស្រលាញ់ និងការពារបរិស្ថាន ចែករំលែកបទពិសោធន៍ ជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា ។

ទន្ទឹមនឹងនោះ ប្រភិភូបវរកញ្ញាពិភពលោក នឹងចូលរួមដាំដើមឈើ ទុកជានិម្មិតរូបសម្រាប់ពួកគេ ដែលបានមកប្រទេសកម្ពុជា និងបានបន្សល់ស្នាដៃ នៅប្រទេសដ៏ស្រស់ស្អាតមួយនេះ ។ ក្រុមប្រតិភូ បវរកញ្ញាពិភពលោក ក៏នឹងចូលទស្សនា ក្នុងផ្សារអូររាំងឪផងដែរ ដើម្បីស្វែងយល់ពីជីវភាព និងការរស់នៅរបស់ ប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្ដង ។ អ្វីតែគួរឲ្យចាប់អារម្មណ៍នោះ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា បានជាក្រសួងបរិស្ថាន ជ្រើសរើសស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងការដឹកនាំប្រតិភូ បវរកញ្ញាពិភពលោក ទៅធ្វើទស្សនកិច្ចនោះ ដោយសារនៅ ស្រុកមួយនេះ ជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋ ធម្មជាតិ និងទេសភាព ពោលបរិស្ថាន ទាំងមូល មានភាពប្រហាក់ប្រហែល ទៅនឹងស្រុក ដទៃទៀត ក្នុងប្រទេសកម្ពុជា ។

សូមជម្រាបថា បេសកកម្មចុះទៅបំផុស ចលនាគាំពារបរិស្ថាន របស់ប្រតិភូ បវរកញ្ញាពិភពលោក ដែលសុទ្ធតែមានសម្រស់ ស្រស់ស្អាតគួរជាទី គយគន់នោះ ធ្វើឡើងរយៈពេលកន្លះថ្ងៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ៕