បណ្តាញសង្គម

កសិករដាំម្លូ ជាសក្តានុពលនៃសេដ្ឋកិច្ចគ្រួសារ របស់អ្នកភូមិថ្មដារ ខេត្តត្បូងឃ្

កសិករដាំម្លូ ជាសក្តានុពលនៃសេដ្ឋកិច្ចគ្រួសារ របស់អ្នកភូមិថ្មដារ ខេត្តត្បូងឃ្មុំ៖

 

ម្លូ ជារុក្ខជាតិវល្លិ៍ឡើងជន្លង់ពួកមួយ ដើមនិងស្លឹក មានរសជាតិហាងក្លិនប្រហើរឆួលបន្តិច គេដាំជារបរប្រើស្លឹក ជាគ្រឿងផ្សំជាមួយនឹងកំបោរ ស្លាជាដើម ទំពាបំបាត់ក្លិនមាត់ មិនឲ្យធំក្លិនអាក្រក់ ។ ការដាំម្លូយកស្លឹកលក់ជាកេរ្តិ៍តំណែល តាំងពីដូនតារហូតរៀងមកដល់បច្ចុប្បន្នរបស់កសិករភូមិថ្មដារលិច ឃុំទួលសូភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានរហូតដល់៩០ភាគរយឯណោះ ហើយជាមុខរបរ ដ៏កាក់កបនេះ មានម៉ូយមកទិញដល់ៗផ្ទះតែម្តង អ្នកភូមិសប្បាយចិត្តក្នុងការប្រមូលផលណាស់ មានចំណូលប្រចាំថ្ងៃ អាចជួយទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរបំផុត ។ លោក សុខា ហាក់ អាយុ៤៨ឆ្នាំ រស់នៅភូមិដារបានបញ្ជាក់ឲ្យដឹងថា ម្លូជារុក្ខជាតិវល្លិ៍ឡើងជន្លង់ ហើយជន្លង់មាន៣ប្រភេទ រួមមាន៖ ជន្លង់ដើមរលួស ជន្លង់ក្រាក់ និងជន្លង់បង្កោលថ្ម វាអាចវាតោងឡើងបាននូវជន្លង់ ទាំងចំនួន៣ប្រភេទនេះ ។ ជន្លង់ដែលល្អបំផុត គឺជន្លង់ដើមរលួស ព្រោះរលួសជារុក្ខជាតិ ដែលមានធាតុត្រជាក់ ហើយម្លូត្រូវការធាតុត្រជាក់ និងទឹកជាប្រចាំ ។ របៀបដាំម្លូ បច្ចុប្បន្ន គេដាំដោយទងបំបៅ ក្នុងទំហំដីកន្លះហិចតា ដាំបានចំនួន ២ពាន់ជន្លង់ ក្នុង១ជន្លង់២ដើម ម្លូមានអាយុ៥ខែយើងចាប់ផ្តើមរះជើង ចូលខែទី៦ យើងចាប់បេះបណ្តើរៗ វាឲ្យផលពេញ ពេលវាមានអាយបាន១ឆ្នាំ ។ ម្លូត្រូវការជីធម្មជាតិ គឺជីលាមកគោ និងលាមកជ្រូក ក្នុង១ឆ្នាំ អាចដាក់ពង្រាយជីតាមគល់ ចំនួន២ ទៅ៣ដង ស្រោចទឹករាល់ថ្ងៃ នៅរដូវប្រាំង រដូវវស្សា ១សប្តាហ៍ស្រោច៣ដង ។ ម្លូបេះស្លឹករាល់ថ្ងៃចាប់ពីខែ១រហូតដល់ខែ៥ ចាប់ពីខែ៦ដល់ខែ១២ អាចបេះ១ថ្ងៃ ខាន១ថ្ងៃ បញ្ហាប្រឈមរបស់ម្លូ គឺការខ្វះទឹក ចំពោះខែប្រាំងខានបាញ់ទឹក១ថ្ងៃ គឺស្លឺកវាស្រពោនតែម្តង ស្លឺកម្លូខ្វះទឹកមានពណ៌ខ្មៅ ស្លឺកម្លូពេញទឹកល្អមានលឿងស្រស់បំព្រង គួរឲ្យគយគន់ និងចង់ហូប ម្លូ គ្មានចៃ គ្មានសត្វល្អិតដទៃណា មកយាយី ឬ បំផ្លាញ ឬស ដើម ស្លឹកវាឡើយ ។ លោក ហាក់ បញ្ជាក់របៀបរាប់ស្លឺកម្លូ តាមរបៀបបុរាណ ដែលដូនតាបន្សល់ទុកឲ្យ ហើយក្មេងជំនាន់ក្រោយ លែងចេះ ហើយសឹងតែមិនដែលឮទៀតផងដែរ គឺ ១ស្នើ ១ស្នើ គេរាប់មានចំនួន២០សន្លឹក ដែលបច្ចុប្បន្ន គេរាប់ថា ១ត្របក ក៏គេរាប់ មានចំនួន២០សន្លឹកដែរ ដូច្នេះ ១ស្នើ ស្មើ និង១ត្របក ស្មើនឹង ២០សន្លឹកដូចគ្នា ប៉ុនគ្នា ១ដុំ មាន១០ត្របក ១ដុំក៏មាន១០ស្នើដែរ ។ ឆ្នាំនេះម្លូធ្លាក់ថ្លៃ ក្នុង១ត្របក ឬ១ស្មើ តម្លៃ១០០រៀលទេ ១ដុំលក់បានតែ១០០០រៀល ឆ្នាំទៅ១ដុំលក់បាន៣០០០រៀល ឆ្នាំទៅមួយលក់បាន៥០០០រៀលឯណោះ ឆ្នាំនេះធ្លាក់ថ្លៃខ្លាំងបើធៀប ទៅនឹងឆ្នាំទៅ ឬ ឆ្នាំទៅមួយនោះ ។ សព្វថ្ងៃ អ្នកដាំបាន៥០០ជន្លង់ អាចបេះលក់ចំណូលបាន៥ម៉ឺនរៀលក្នុងថ្ងៃ បើអ្នកដីធំដាំបាន២ពាន់ជន្លង់លក់បាន២០ម៉ឺនរៀលក្នុង១ថ្ងៃ ។ គឺមានម៉ូយ មកកម្មង់ទិញដល់ៗផ្ទះតែម្តង គេដឹកតាមរថយន្តទួរីសយកទៅលក់ខេត្តព្រៃវែង អ្នកលឿង និងទីក្រុងភ្នំពេញ ដែលក្នុង១ថ្ងៃៗមិនក្រោម១៣០០ដុំនោះទេ ។ លោក អ៊ាន់ សេងហាន មេភូមិថ្មដារលិចបានបញ្ជាក់ឲ្យដឹងថា ប្រជាជនក្នុងភូមិមានចំនួន២១៥គ្រួសារ អ្នកដែលដាំម្លូ មានរហូតដល់៩០ភាករយហើយ នៅតែ១០ភាគរយទេដែលមិនដាំនោះ មូលហេតុ ដីពួកគាត់ ជីកអណ្តូងមិនចេញទឺក គឺខ្វះទឹកដាំម្លូមិនកើតតែម្តង ដូច្នេះពួកគាត់ដាំ ចេក ស្វាយ និងរដែង សម្រាប់ផ្គត់ផ្គង់គ្រួសារវិញ ៕

 


សាន វិឡែម ១៣.១២.២០១៧