បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ សម្តែងនូវការព្រួយបារម្ភ ចំពោះអំបិលដែលគ្មានជាតិអ៊ីយ៉ូដ នៅលើទីផ្សារកម្ពុជា ដែលទាមទារអោយសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើបញ្ហានេះ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ បង្ហាញក្តីបារម្ភបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងការអនុវត្ត ខ្លឹមសារ អនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រង ការធ្វើអាជីវកកម្មអំបិលអ៊ីយ៉ូដ និងសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ និងមកពីខេត្តកំពង់ចាម រួមទាំងផលិតករ អាជីវករអំបិល សរុបចំនួន១២០នាក់ ។

ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអោយអនុវត្ត នូវកម្មវិធីលុបបំបាត់ បញ្ហាកង្វះអ៊ីយ៉ូដ តាមរយៈការបញ្ចូលជាតិអ៊ីយ៉ូដក្នុងអំបិល ជាសកល ចាប់តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។

ជាលទ្ធផលនៃអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជានៅឆ្នាំ២០១០ បានបង្ហាញអោយឃើញថា មានគ្រួសារចំនួន៨៣% ក្នុងចំណោមគ្រួសារទាំងអស់ដែលបានប្រើប្រាស់អំបិលអ៊ីយ៉ូដ រហូតមកដល់ឆ្នាំ២០១៤ អត្រាគ្រួសារដែលបានប្រើអំបិលអ៊ីយ៉ូដនៅត្រឹម ៦៨,៩% នៅទូទាំងប្រទេស។

ឯកឧត្តម ទួន ថាវរៈ បន្តថា ចំពោះលទ្ធផលដែលសម្រេចបាននេះ គឺដោយសារមានការចូលរួមយ៉ាងសកម្ម ពីផលិតករអំបិលអ៊ីយ៉ូដ នៅទូទាំងប្រទេស ដោយបានបញ្ចូលជាតិអ៊ីយ៉ូដ ទៅក្នុងអំបិល ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៦៩ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៣ ស្តីពីការគ្រប់គ្រង ការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ ដែលជាហេតុធ្វើអោយកម្មវិធីផលិតអំបិលអ៊ីយ៉ូដ មានការរីចម្រើនកើនឡើង និងចីរភាពមកដល់បច្ចុប្បន្ន។

ឯកឧត្តម ក៍បានសម្តែងនូវការព្រួយបារម្ភ ដោយបានបញ្ជាក់ថា បច្ចុប្បន្ននេះ យើងសង្កេតឃើញថា នៅ ទីផ្សារមួយចំនួនធំទូទាំងប្រទេស កំពុងបន្តមានវត្តមាន នៃអំបិលដែលគ្មានជាតិអ៊ីយ៉ូដ ដាក់លក់យ៉ាងអនាធិបតេយ្យ បំពានទាំងស្រុងទៅលើបទបញ្ញត្តិទាំងឡាយ មានចែងក្នុងអនុក្រឹត្យលេខ៦៩ អនក្របក. ដែលជាការព្រួយបារម្ភនៅលើទីផ្សារកម្ពុជា ដែលទាមទារអោយសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើបញ្ហានេះ

ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ និងលោកជំទាវឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ បានរួមគ្នាអំពាវនាវ ដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិនានា ពិសេស ផលិតករ អាជីវករ សូមបន្តចូលរួមចំណែកជំរុញ និងឧបត្ថម្ភគាំត្រកម្មវិធីលុបបំបាត់បញ្ហា កង្វះជាតិអ៊ីយ៉ូដនៅកម្ពុជា ជាបន្តទៀត។

លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភ និងជាតិអ៊ីយ៉ូដ គឹជាបញ្ហាចំបងមួយនៅក្នុងចំណោមបញ្ហាចំបង៣ទៀតគឺ កង្វះប្រូតេអ៊ីន កង្វះជីវជាតិអា និងកង្វះជាតិដែក ។ ដែលបញ្ហាកង្វះអ៊ីយ៉ូដនេះ បណ្តាលអោយការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារ មានភាពយឺតយ៉ាវ ហើយបើសិនមានកង្វះជាតិអ៊ីយ៉ូដកើតឡើងលើទារកនៅក្នុងផ្ទៃម្តាយនោះ វានឹងបណ្តាលអោយទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមក នឹងធ្វើអោយខួរក្បាលទារកមិនអាចលូតលាស់ និងមិនអាចកែលម្អវិញបានឡើយ ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ ហើយវានឹងឈានទៅដល់ការខ្វះលទ្ធភាពចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ច សង្គមទៀតផង។

សរុមមកបណ្តាបញ្ហាទាំងអស់នេះ នឹងបណ្តាលអោយចុះខ្សោយនូវធនធានមនុស្ស ដែលជាធនធាន ដ៍មានតម្លៃ ដើម្បីលើកកម្ពស់សក្តានុពលផ្នែកសេដ្ឋកិច្ចរបស់សង្គមជាតិទាំងមូលផងដែរ ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយពង្រឹងការអនុវត្ត ខ្លឹមសារ អនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រង ការធ្វើអាជីវកកម្មអំបិលអ៊ីយ៉ូដ និងសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដនៅកម្ពុជា ដែលបានធ្វើឡើងនាថ្ងៃនេះ ត្រូវបានរៀបចំដោយក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តត្បូងឃ្មុំ និងកំពង់ចាម ក្នុងគោលបំណងអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយចីរភាព ជាពិសេសដើម្បីជោគជ័យក្នុងគោលដៅ លុបបំបាត់បញ្ហាកង្វះជាតិ អ៊ីយ៉ូដ និងដើម្បីរួមចំណែក លើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា ក៍ដូចជាដើម្បីរំលឹក និងពង្រឹងឡើងវិញនូវគោលដៅ និងយុទ្ធសាស្ត្រ នៃការអនុវត្តខ្លឹមសារ ជាពិសេស ការចរាចរ និងការនាំចូលអំបិលគ្មានជាតិអ៊ីយ៉ូដ មកក្នុងប្រទេសកម្ពុជា ក៍ដូចជាធ្វើយ៉ាងណា រក្សាអោយបាននូវចីរភាព និងកម្មវិធីបញ្ចូលជាតោអ៊ីយ៉ូដ ក្នុងអំបិលជាសកលក្នុងព្រះរាជាណាចក្រកម្ពុជាទៅថ្ងៃអានាគត ៕          ដោយ៖ វ៉ាន់ វីរៈ