បណ្តាញសង្គម

ក្រុមយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ បោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង និងរត់ការផ្សេងក្នុងជួរមន្ដ្រីរាជការ ត្រូវកម្លាំងនគរបាល​ចាប់​បាន៣នាក់ នៅខេត្តត្បូងឃ្មុំ

 (ត្បូងឃ្មុំ)៖ ក្រុមជនខិលខូច ដែលតែងតែ យកឈ្មោះថ្នាក់ដឹកនាំ ទៅបោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង ឡើងកាំប្រាក់ និងរត់ការផ្សេងៗ ក្នុងជួរមន្ដ្រីរាជការនោះ ត្រូវបានកម្លាំង នគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបាន៣នាក់ ហើយបញ្ជូនទៅ តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះថា ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ បន្ទាប់ពីកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការនគរបាលស៊ើបការខាងក្រៅ និងបច្ចេកទេស និងប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនកាលពីថ្ងៃ១៣ ខែធ្នូនៅចំណុចភូមិនិគមក្រោម ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យខាងលើបានយកឈ្មោះថ្នាក់ដឹកនាំ នៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ក្រសួងមុខងារសាធារណៈ, ក្រសួងមហាផ្ទៃ សម្រាប់រត់ការតម្លើងសក្តិយស ផ្ទេរតំណែង រកបច្ច័យចូលបុណ្យ ឡើងកាំប្រាក់ និងរត់ការផ្សេងទៀត។ ជនសង្ស័យទាំង៣រួមមាន ទី១៖ ឈ្មោះ ខន សុម៉ាលី ហៅស្រីទូច, ទី២៖ ត្រូវជាប្ដីឈ្មោះ ថា សុផាត និងទី៣៖ឈ្មោះ ខន សុរិយា ហៅស្រីពៅ ជាប្អូនរបស់ស្រីទូច (ជាអ្នកបំផ្លាញវត្ថុតាង)។

ពួកគេបានប្រើទូរស័ព្ទ សម្រាប់ធ្វើសកម្មភាពឆបោកមនុស្សជាច្រើន និងបានប្រើទូរស័ព្ទលេខ 092249333, 092615522, 0965520906, 0974465888, 0972803666, 0978252666 និង0317644448។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវតាមបច្ចេកទេសជំនាញ ដើម្បីតាមចាប់អ្នកពាក់ព័ន្ធក្នុងករណីនេះបន្តទៀត៕