បណ្តាញសង្គម

ក្បាលដីចំនួន២.៤៧៩ ស្មើនិង២ភូមិ គឺភូមិអង្កែវ និងភូមិរូង ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ការវាស់វែងជាស្ថាពរហើយ

 (បងប្អូនប្រជាពលរដ្ឋ ដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ច ក្នុងការត្រួតពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហា ទៅថ្ងៃក្រោយទៀត)នេះ ជាការលើកឡើង របស់លោក ហ៊ីង ស៊ីថា អនុប្រ ធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយក រងចាត់ការកម្ម វិធីអនុវិស័យរដ្ឋ បាលដីធ្លី ខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាសបិទ ផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យ ចំនួន២ភូមិ ស្មើ២.៤៧៩ក្បាលដី ស្ថិតនៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ។

បើតាមរបាយការណ៍ របស់លោក រៃ ថុង ប្រធានគ្រប់គ្រង ការងារតំបន់វិនិច្ឆ័យ ស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រុមការងារបាន ចាប់ផ្ដើមអនុវត្ត ការងារចុះបញ្ជី ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងស្រុកត្បូងឃ្មុំនេះ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤មក ហើយមកដល់ពេលនេះ ក្រុមការងារយើងបាន សំរេចលទ្ធផលដូចជា៖ ទិន្នន័យដែលធ្វើការ ប្រមូលបានមានចំនួន ៣៩.២៣៤ក្បាលដី ទិន្នន័យដែលបញ្ចូល ក្នុងកុំព្យូទ័រមានចំនួន ៣៩.២៣៤ក្បាលដី ទិន្នន័យដែលគូរ ក្នុងកុំព្យូទ័របានចំនួន ៣៩.៦៤២ក្បាលដី ចែកប័ណ្ណបានចំនួន ៣០.៨៣៧ក្បាលដី ។

លោក បន្តទៀតថា ៖ ដោយឡែក ក្រុមការងារ បានធ្វើការបិទប្រកាស ផ្សព្វផ្សាយនូវទិន្នន័យ ជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំអញ្ជើម ចំនួន០២ភូមិទៀត គឺភូមិអង្កែវ និងភូមិរូង ដែលមានក្បាលដី សរុបចំនួន ២.៤៧៩ក្បាលដី ក្នុងនោះភូមិអង្កែវ ឃុំអញ្ជើម មានចំនួន ១.៨៣៥ក្បាលដី និងភូមិរូង ឃុំអញ្ជើម មានចំនួន ៦៤៤ក្បាលដី។

នាឱកាសនោះ លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បានកោតសរសើរ ចំពោះមន្ត្រីជំនាញ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាជ្ញាធរ មូលដ្ឋានព្រមទាំង ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងការសហការ ធ្វើឲ្យដំណើរការនេះ សម្រេចទៅតាម ផែនការគ្រោងទុក ។ លោក បានបន្តទៀតថា ៖ រាជរដ្ឋាភិបាល បានធ្វើកំណែទម្រងដីធ្លី គឺការប្រមូលផ្ដុំសំខាន់លើវិធាន ការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ប្រកបដោយសមធម៌ និងដោយធានា បាននូវប្រសិទ្ធភាព សេដ្ឋកិច្ច តាមរយៈការចុះបញ្ជីដីធ្លី ការធានាសវត្តិភាព នៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ និងការដោះស្រាយ វិវាទដីធ្លី ដោយឈរលើ គោលការណ៍ជួយ ប្រជាពលរដ្ឋជា ពិសេសគ្រួសារ និងក្រុមងាយរងគ្រោះ ។

លោក ហ៊ីង ស៊ីថា បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋដែល ជាម្ចាស់ដីស្ថិត នៅភូមិអង្កែវ និងភូមិរូង ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទាំងអស់ សូមចូលរួមក្នុងការ ត្រួតពិនិត្យប្លង់ សុរិយោដី ប្រភេទដី បញ្ជីឈ្មោះម្ចាស់ដី និងទ្រព្យកម្មសិទ្ធិដីធ្លី ដែលបានបិទប្រកាស ផ្សព្វផ្សាយ ជាសាធារណៈ កុំបីខកខានឡើង ដោយមន្ត្រី របស់យើង នៅប្រចាំការនៅ កន្លែងបិទផ្សាយ ដើម្បីរង់ចាំជួយពន្យល់បងប្អូន និងទទួលនូវរាល់ការ សុំកែតំរូវរបស់ បងប្អូនផងដែរ ។ និងដើម្បីបង្កភាពងាយស្រួល ដល់បងប្អូនក្រុមការងារ របស់យើងបានដាក់ ទីតាំងសំរាប់បិទផ្សាយ នៅសាលាបឋមសិក្សាអង្អែវ ស្ថិតនៅភូមិអង្កែវ ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ដែលមានរយៈពេល១៥ ថ្ងៃ ។

លោក បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ ក្បាលដីទាំងអស់ ដែលបានចូលរួមសហការណ៍ ជាមួយមន្ត្រីជំនាញសុរិយោដី ដើម្បីធ្វើការវាស់វែង ឲ្យមានលក្ខណៈ ងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ ត្រូវមកត្រួតពិនិត្យ មើលបញ្ជីរឈ្មោះដីធ្លី អោយបានយ៉ាងតិចម្ដង ដើម្បីធានាអោយបាន នៃភាពច្បាស់លាស់ នៅពេលចែកប័ណ្ណជូន បងប្អូនបប្រជាពលរដ្ឋនា ពេលខាងមុខ ៕