បណ្តាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ ជំរុញឱ្យមន្ត្រីក្រោមឱវាទ ត្រូវបង្កើនការយល់ដឹង បន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសនៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នាំឱ្យមានការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ

 លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញឱ្យមន្ត្រីក្រោមឱវាទ ត្រូវបង្កើនការយល់ដឹង បន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសនៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នាំឱ្យមានការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ដូច្នេះយើងទាំងអស់គ្នា ត្រូវប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ឱ្យបានដាច់ខាត។

មានប្រសាសន៍ជំរុញបែបនេះ ក្នុងឳកាសដែលលោកជំទាវ និងឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី១១ ទិវារជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពី មន្រី្តរាជការគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ និងសិស្សនិសិ្សត សរុបចំនួន៥០០នាក់ នៅសាលាខេត្តត្បូងឃ្មុំ ថៃ្ងពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។

បន្ទាប់ពីឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាននូវខ្លឹមសារដ៍មានអត្ថន័យរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួចមក លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍អោយដឹងថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសកល ដែលនៅតែបន្តកើតមានអាស្រ័យដោយ កត្តាសំខាន់បីគឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ។

រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែការជួញដូរ ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅ ក៏មានលេចចេញ នូវបាតុភូតមួយចំនួន ដែលមានទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា បទអន្តរការីនៃអំពើពពោះជំនួយ ដែលនេះជាកង្វល់ដែលគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចាំបាច់ត្រូវដាក់វិធានការសើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេល ពិសេសការកសាងច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការរីកដុះដាលនៃបទល្មើស ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់ជីវិតមនុស្ស ។

លោកជំទាវ អភិបាលរងខេត្ត បានបញ្ជាក់ថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺផ្តល់ឳកាស ដល់ប្រជាពលរដ្ឋក្នុងការងារបង្កើនប្រាក់ចំណូលទាំងក្នុងស្រុក និងនៅ ក្រៅស្រុក។ ប៉ុន្តែអ្វីដែលជាការបារម្មណ៍គឺការធ្វើទេសន្តន៍ប្រវេសដោយប្រថុយ ប្រថាន មិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ដែល នាមឲ្យប្រឈម និងហានិភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស ។

ពលករទាំងនោះ ជារឿយៗ ត្រូវទទួលរងនឹងការកេងប្រវ័ញ្ចគ្រប់រូបភាពនៅគ្រប់ដំណាក់កាល ក្នុងវដ្តនៃទេសន្តរប្រវេសន៍ តាំងពីពេលចេញដំណើរ ការឆ្លងដែន រហូតដល់កន្លែងការងារ ដូច្នេះចាំបាច់ត្រូវពង្រឹងការគ្រង ដើម្បីលើកកម្ពស់សក្តានុពលនៃកម្លាំងពលកម្មទេសន្តរប្រវេសន៍ដ៏ច្រើននេះ។

សូមបញ្ជាក់ថា គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដាក់ចេញនូវប្រធានបទគោលដ៏សំខាន់មួយគឺ (រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សគ្រប់រូបភាពអំពើជួញដូរមនុស្ស) ដើម្បីជាយុទ្ធនាការដ៏ទូលំទូលាយ ក្នុងការផ្សព្វផ្សាយការយល់ដឹង និងអំពាវនាវ ការចូលរួមពីជនរួមជាតិគ្រប់ទិសទី ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា ។

សូមជម្រាបថា នៅក្នុងឳកាសនោះក៏មានការ សម្តែងរឿងអប់រំជុំវិញការ ជួយដូរមនុស្ស ដើម្បីជាការកំសាន្ត និងយកទៅពិចារណាផងដែរ ខណៈការ សម្តែងរឿងខ្លីនេះគឺបង្ហាញពីការឆបោករបស់ក្រុមមេខ្យល់បោកក្មេង ទៅរៀបការជាមួយជនបរទេស បន្ទាប់មកក៏យកទៅលក់បន្តឲ្យធ្វើជាស្រីបម្រើផ្លូវភេទ ៕