បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកវិញ្ញាសាប្រឡងក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី៣

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសាប្រឡងក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី៣ ដែលការប្រឡងនេះ ស្ថិតនៅសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ដោយមានការចូលរួមពី លោក ប៉ែន កុសល្យ អភិបាលរងខេត្ត លោកនាយក និងមន្ត្រីទីចាត់ការធនធានមនុស្សសាលាខេត្ត ព្រមទាំងគណៈមេប្រយោគប្រឡង ។

ឯកឧត្តម លី ឡេង បានថ្លែងថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការខិតខំប្រឹងប្រែងរបស់ប្អូនៗ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង។ ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឲ្យការប្រឡង ទទួលបានលទ្ធផលល្អប្រសើរ ដែលជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ ។

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡង ត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស់វិញ្ញាសារ និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានថ្លែងផ្តល់កម្លាំងចិត្តដល់បេក្ខជន ក្នុងការប្រឡងប្រជែង ដោយអោយប្អូនៗជឿជាក់លើសមត្ថភាពខ្លួន និងទុកចិត្តលើគណៈកម្មការ គឺការប្រលងនេះ ប្រកបទៅដោយតម្លាភាព សុក្រិតភាព ហើយប្អូនៗត្រូវតាំងស្មារតី កុំភិតភ័យ នឹងចង់ចាំពាក្យមួយឃ្លាថា <<អ្នកចេះ គឺជាប់>> ជាពិសេសសូមអោយប្អូនៗយកចំណេះដឹង និងសមត្ថភាពចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនបន្តទៀត ៕

សូមបញ្ជាក់ថា ៖ ការប្រឡង ក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ខេត្តត្បូងឃ្មុំ សម័យប្រឡងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ មាន២វិញ្ញាសារ រួមមាន ៖ ចំណេះដឹងទូទៅ និងតែងសេចក្តី ដែលមានចំនួន ០៨បន្ទប់ប្រឡង បេក្ខជនសរុបចំនួន ២០៦នាក់ ស្រី៦៧នាក់ ដើម្បីជ្រើសរើសចូលក្របខណ្ឌចំនួន ២០នាក់ ស្រី០៣នាក់ ផងដែរ ៕ ដោយ៖ វ៉ាន់ វីរៈ