បណ្តាញសង្គម

អស់បារម្ភ! មេឃុំ និងស្មៀនទាំងអស់នៅមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នឹងចុះទៅធ្វើអត្រានុកូលដ្ឋាន សំបុត្រអាពាហ៍ពិពាហ៍ជូនពលរដ្ឋ ដល់លំនៅដ្ឋាន និងកន្លែងប្រារព្ធពិធីតែម្តង

(ត្បូងឃ្មុំ)៖ អស់បារម្ភទៀតហើយ! សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាន ក្នុងស្រុកក្រូចឆ្មារ ទាំងអស់ នៃខេត្តត្បូងឃ្មុំ នៅពេលដែលមាន ពិធីផ្សេងៗនៅ សម្រាប់គ្រួសារ រាប់ទាំងពិធីបុណ្យសព និងពិធីរៀបការជាដើម ដោយសារតែ អាជ្ញាធរទាំងមេឃុំ និងស្មៀន បានចុះទៅផ្ទាល់ តែម្តង សម្រាប់ការរៀបចំ ជូននូវអត្រានុកូលដ្ឋាន (កើត ស្លាប់) និងពិធីរៀប អាពាហ៍ពិពាហ៍ ជាដើម ។នេះបើតាមការ បញ្ជាក់ពីឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ។

 

នៅថ្ងៃនេះឯកឧត្តម ហាក់ សុខមករា បានអញ្ជើញជួបសំណេះសំណាល ជាមួយមេឃុំ និងស្នៀនឃុំ ទាំង១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ទាំងអស់ ធ្វើយ៉ាងណាយក ចិត្តទុកដាក់ បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន និងទាន់ពេលវេលា ។ ឯកឧត្តម បានបញ្ជាក់ថា «ជាពិសេសយកចិត្តទុកដាក់ លើការងារបម្រើសេវា អត្រានុកូលដ្ឋាន ព្រមទាំង ជំរុញឲ្យស្មៀនគ្រប់ឃុំ មេឃុំ គ្រប់ឃុំ ចុះបម្រើសេវា អត្រានុកូលដ្ឋាន កើត ស្លាប់ និងសំបុត្រ អាពាហ៍ពិពាហ៍ ដល់លំនៅដ្ឋាន ក៏ដូចជាទីតាំងប្រារព្វពិធីរបស់ បងប្អូនប្រជាពលរដ្ឋ និងលើកទឹកចឹត្ត ជូនប្រាក់រង្វាន់ លើការងារអនុវត្តបាន ក៏ដូចជា បង្កើតឲ្យមានការ ប្រឡងប្រណាំង លើឃុំណា ដែលអនុវត្តបានល្អ និងមានស្នាដៃឆ្នើម និងទទួលបានរង្វាន់» ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានណែនាំ ដល់មន្រ្តីទាំងអស់ ត្រូវអនុវត្តឲ្យបាននូវ អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព » ៕