បណ្តាញសង្គម

នាយឧត្តមសេនីយ៍ គន់ គីម៖ សមាគមអតីតយុទ្ធជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យស្ថានភាពទូទៅរបស់សមាគមមានការប្រែប្រួល រីកចម្រើន ខណៈបងប្អូនអតីតយុទ្ធជន កាន់តែមានជីវភាពធូរធារ

(ត្បូងឃ្មុំ)៖ ថ្លែងក្នុងកិច្ចប្រជុំ ត្រួតពិនិត្យ លទ្ធផលការងារ សមាគមអតីតយុទ្ធជន បណ្តាខេត្តទាំង៥ ក្នុងយោធភូមិភាគទី២ ដែលប្រារព្វធ្វើនៅ សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងដោយមោទនភាពថា សមាគម ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិត១១ឆ្នាំ កន្លងទៅ ពិសេសការខិតខំជាង២ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យស្ថានភាពទូទៅរបស់សមាគម មានការប្រែប្រួល រីកចម្រើន គួរកត់សំគាល់។

ជាមួយគ្នានេះបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេស បានជីវភាពកាន់តែធូរធាខ្លាំង តាមរយៈការជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសប្រាក់បៀរវត្សរ៍ប្រចាំខែរបស់ពួកគេ មានការកើនឡើង ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានចំណាយពេលមិនគិតពីការនឿយហត់របស់ខ្លួន ដើម្បីចុះទៅសួរសុខទុក្ខផ្ទាល់ចំពោះបងប្អូនអតីតយុទ្ធជន បានផ្តាំផ្ញើការសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ទាំងអស់។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម សមាគមអតីតយុទ្ធជនកម្ពុជា ក៏មានការកែសំរួលសមាសភាពដឹកនាំចម្រុះ រួមមាន៖ នគរបាល យោធា អាវុធហត្ត សង្គមកិច្ច និងថ្មីៗនេះ បានបន្ថែមអង្គភាពសុរិយោដី ១ទៀត ធ្វើឲ្យចលករសមាគម កាន់តែពង្រីកកម្លាំងបានគ្រប់គ្រាន់ ក្នុងការបង្ខិតសកម្មភាពឲ្យកាន់តែកៀកកិត ជាមួយសមាជិកសមាគមអតីតយុទ្ធជននៅមូលដ្ឋាន។ នាយឧត្តមសេនីយ៍បានបន្តថា ការចុះជួបសាកសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារ តាមគ្រប់រូបភាព បានពង្រឹងនូវភាពកក់ក្តៅ បង្កជំនឿទុកចិត្តរបស់បងប្អូន លើសមាគម និងការដឹកនាំ របស់សម្តេចតេជោ ប្រធាន។

នាយឧត្តមសេនីយ គន់ គីម បានណែនាំឲ្យគណៈកម្មាធិការសមាគមខេត្តក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្ត ត្រូវពង្រឹងវិធានការ ថែរក្សា និងគ្រប់គ្រងដីបំរុងទុក សំរាប់គោលដៅសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលមានលើ៤ទីតាំង នៃខេត្តគោលដៅនេះ សម្រាប់រៀបចំជាតំបន់ អភិវឌ្ឍន៍អតីតយុទ្ធជនតែម្តង។

សូមបញ្ជាក់ថា នៅទិសយោធភូមិភាគទី២នេះ ដីបំរុងទុករបស់រដ្ឋ មានតែនៅខេត្តក្រចេះប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ អតីតយុទ្ធជនក្រីក្រ បានស្នើសុំដីសម្បទានសង្គមកិច្ច នៅខេត្តគោលដៅទាំង១៣ មានប្រមាណជាង១៣.០០០គ្រួសារ ក្នុងនោះនៅទីតាំងខេត្តក្រចេះ មាន៩២០គ្រួសារ។

កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបញ្ជូនបញ្ជីឈ្មោះបងប្អូនទាំងនោះ ឲ្យទៅប្រធានមន្ទីរជំនាញ របស់ខ្លួនទាំង១៣ខេត្ត គោលដៅ ដើម្បីសហការផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពឡើងវិញ ក្នុងបំណងរកឲ្យឃើញ អតីតយុទ្ធជនដែល ក្រលំបាក ខ្វះខាតពិតប្រាកដ ដើម្បីដោះស្រាយតម្រូវការជូនបងប្អូន។

តាមរយៈ នៃការធ្វើបច្ចុប្បន្នភាពកន្លងមក នៅទិសយោធភូមិភាគ២នេះ បានរកឃើញ អតីតយុទ្ធជន ទ័លក្រលំបាក សរុបចំនួន៦,៤៨១គ្រួសារ ក្នុងនោះ មានផ្ទះទ្រុឌទ្រោម មិនសមរម្យ ចំនួន៤៧៤ គ្រួសារ- អ្នកដែលគ្មានដីគ្មានផ្ទះ ចំនួន១,០២៧គ្រួសារ និងរស់នៅលើដីសាធារណៈ ចំនួន៥៧គ្រួសារ។

ដោយមើលឃើញពីការលំបាកនេះ តាមរយៈសំណើរបស់នាយឧត្តមសេនីយ គន់ គីម, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយសាងសង់ ផ្ទះជូនសមាជិកសមាគម ដែលខ្វះខាតពិតប្រាកដ លើដីជាកម្មសិទ្ធិស្រាប់ ក្នុងយោធភូមិភាគទី២នេះ សរុប២៣៣ខ្នង (កំពង់ចាម១៥ខ្នង -ព្រៃវែង១៥ខ្នង ត្បូងឃ្មុំ ១ខ្នង ក្រចេះ១ខ្នង និងស្វាយរៀង២០១ខ្នង)។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ នាយឧត្តមសេនីយ អគ្គលេខាធិការ គន់ គីម បានប្រកាសសេចក្តីសម្រេចរបស់សមាគម ទទួលស្គាល់លោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្ត ជាសមាជិកគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំផងដែរ៕