បណ្តាញសង្គម

កសិករដាំ ជីភ្លៅកង្កែប ក៏មានជីវភាពធូរធារប្រសេីរដែរ

ត្បូងឃ្មុំ៖ កសិករ ភូមិស្រែស្ពៃ និងភូមិក្បាលទឹក ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ សប្បាយចិត្តក្នុង ការប្រមូលផល ជីភ្លៅកង្កែប ដោយដំណាំនេះ ងាយដាំ វាឱ្យផលល្អ មានទីផ្សារច្បាស់លាស់ មានម៉ូយមកទិញ ដល់ចំការតែម្តង មានតម្លៃសមរម្យ ហេីយឆ្នាំនេះ វាឱ្យផលល្អ មិនខុសពីឆ្នាំទៅមិញទេ តែតម្លៃចុះថោក ជាងឆ្នាំទៅបន្តិច ។

លោកស្រី ចយ ចាន់នី អាយុ ៤០ឆ្នាំ រស់នៅភូមិក្បាលទឺក ឃុំព្រះធាតុ ស្រុកអូរាំងឪ បានបញ្ជាក់ឱ្យដឹងថា ដំណាំភ្លៅកង្កែប មិនពិបាកដាំទេ យេីងដាំស្ទូងដូច ដំណាំស្រូវដែរ ក្នុងរយៈពេល១ខែ ទៅ១ខែកន្លះ កសិករអាច ប្រមូលផល បានហេីយ គាត់ដាំលេីផ្ទៃដីទំហំ ៩កុង ស្មេី៩អា យេីងអាចបេះវិលជុំ គឺបេះរាល់ថ្ងៃ ដែលក្នុង១ថ្ងៃ មិនក្រោម ៥០គីឡូក្រាមនោះទេ ហេីយ១គីឡូក្រាម តម្លៃ ២០០០រៀល (ឆ្នាំទៅ ២៥០០រៀល ) ដូចនេះក្នុង១ថ្ងៃ គាត់អាចរកចំណូលបាន ១០ម៉ីនរៀលរាល់ថ្ងៃ ។

ជីភ្លៅកង្កែបដាំ វាត្រូវការទឹកចេញ ជាប្រចាំ ដីខ្មៅ ឱ្យផលជាង ដីរបាយខ្សាច់ និងដីក្រហម វាត្រូវការជីធម្មជាតិ ជីលាមកគោ តិចតួចដែរ ដេីម្បីជួយដេីមស្លឹក ឱ្យកាន់តែថ្លោស ។ ជីភ្លៅកង្កែប អាចប្រឈមនឹង ដង្កូវ សត្វល្អិតចៃ និងអាកាសធាតុប្រែប្រួល រហ័សពេកក៏អាច រលួយផងដែរ ។ តែប្រភេទ ដង្កូវ សត្វល្អិតចៃ កសិករអាចបំបាត់ ដោយប្រេីថ្នាំពុលធម្មជាតិបាញ់កំចាត់បាន ។

លោកស្រី បានបញ្ជាក់ឱ្យ ដឹងទៀតថា ជីភ្លៅកង្កែប របស់កសិករ យេីងដាំនេះ គេយកធ្វេីម្ហូបឆារ ដាក់ស៊ុប ជ្រលក់ទឹកគ្រឿង មានគុណភាពល្អណាស់ គ្មានជាតិគីមីទេ ដេីម ស្លឹក ផៅល្អ ស្រួយ ហូបឆ្ងាញ់ពិសារ ល្អ ជាងជីភ្លៅកង្កែប របស់វៀតណាម និងថៃដាច់តែម្តង ។ សព្វថ្ងៃ មានម៉ូយ ចុងភៅការ ផ្សារអូរាំងឪ ផ្សារសួង និងផ្សារកំពង់ចាម គេទិញយកទៅ លក់ជារៀងរាល់ថ្ងៃ។ គ្រួសារគាត់ដាំ ជីភ្លៅកង្កែបជាង ១០ឆ្នាំ មកហេីយ មានជីវភាពធូូរធារ ជាងកាលពីគាត់មិនទាន់ ដាំដំណាំនេះឆ្ងាយណាស់ មានផ្ទះធំទ្រនំខ្ពស់ អាចឱ្យកូនរៀន សូត្របាន និងរក្សាបានដោយគ្រួសារ គាត់មិនមានការ ធ្វេីចំណាកស្រុកអ្វីឡេីយ ។

លោក សេង ថា ប្រធាន ការិយាល័យ កសិកម្ម ស្រុកអូរាំងឪ បានបញ្ជាក់ឱ្យ ដឹងដែរថា ប្រជាកសិកដែលបានដាំ ជីភ្លៅកង្កែប មានចំនួន ពីរភូមិ រួមមាន គឺ ភូមិក្បាលទឹក ឃុំព្រះធាតុ និង ភូមិស្រែស្ពៃ ឃុំអំពិលតាពក ស្ថិតក្នុងស្រុកអូរាំងឪ ដូចគ្នា ទាំងពីរភូមិនេះ មានកសិករចំនួន ជិត២០គ្រួសារដែរ ការដាំ ជីភ្លៅកង្កែបនេះ កេីត ដោយសារ តំបន់ដែលគាត់រស់នៅមានភូមិសាស្រ្ត អំណោយផលល្អ មានប្រភពទឹកចេញ ពីក្បាលហុង តាំងពីបូរាណមក ដូចនេះកសិករ អាចដាំបាន ព្រោះដំណាំនេះត្រូវការ ទឹកចេញជាប្រចាំ ទឹកហូរជាប់ ទឹកថ្មីជានិច្ច នោះកាន់តែល្អ ភ្លៀងខ្លាំង ក្តៅខ្លាំងក៏មិនបញ្ហា តែបេីអាកាសធាតុប្រែប្រួល ញឹកពេកអាចប្រឈម នឹងការរលួយដេីម ៕ សាន វិឡែម