បណ្តាញសង្គម

ពលរដ្ឋរាប់ពាន់នាក់ សប្បាយចុះចាប់ត្រី ១ឆ្នាំមានម្តង ជាមួយនឹងឧបករណ៍បុរាណ!!

(ត្បូងឃ្មុំ)៖ នាដើមខែមីនា ជារៀងរាល់ឆ្នាំ ជាប្រពៃណីទំនៀមទំលាប់សំរាប់ប្រជាពលរដ្ឋនៅស្រុកមេមត់ តែងតែរៀបចំពិធីចាប់ត្រីនៅចំណុចត្រពាំងក្រមដែលអ្នកនៅទីនោះតែងហៅថា បឹងធំ ដែលមានទំហំប្រហែល១០០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយក៏មានប្រជាពលរដ្ឋមកពីភូមិ ឃុំ ស្រុកនានា មកជួបជុំគ្នាយ៉ាងច្រើនកុះកររាប់ពាន់នាក់ ដោយអ្នកខ្លះដើរ ខ្លះជិះរទេះសេះ ខ្លះជិះរទេះគោ កង់ម៉ូតូ ឡានពេញផ្លូវតែម្ដង ដោយមានកាន់ឧបករណ៍បុរាណសំរាប់ចាប់ត្រីរួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ក្អុះ នៅថ្ងៃទី ០១-០២-០៣-០៤ ខែមិនា គ.ស២០១៨ នេះ ។

នៅក្នុងឱកាសនោះដែរ មានទាំងចាស់ទាំងក្មេងញញឹមញញែម សប្បាយចិត្តពីចំងាយ ដោយពួកគាត់បានប្រាប់ថា មកចាប់លើកណា ក៏មិនដែលអត់នោះដែរ គឺត្រូវតែបានតិច រឺច្រើន គឺបានគ្រប់ៗគ្នា ហើយពួកគេនាំគ្នាហ៊ោកញ្ជៀវ ពេលអ្នកណា បានត្រីធំម្ដងៗ ពេលបានមកហើយ ភាគច្រើនគឺបងប្អូនប្រជាពលរដ្ឋយើង ធ្វើពិធីញុំាអាហារ សាមគ្គីដោយក្ដីសាមគ្គីបំផុត។

ចំពោះការចាប់ត្រី ក្នុងបឹងមួយនេះ គឺជាទំនៀមទម្លាប់ ក្នុងភូមិធ្វើតៗពីដូនតាមកម្ល៉េះ ដោយធ្វើជារៀងរាល់ឆ្នាំ ដែលមានពិធីសែនព្រេន ពីម្ចាស់ទឹកម្ចាស់ដីផងដែរ ។ ហើយមុនពេលដែលអនុញ្ញាត ឱ្យប្រជាពលរដ្ឋចុះទៅ ចាប់ត្រីក្នុងបឹងនេះ គឺត្រូវបានអាជ្ញាធរ និងប្រជាការពារភូមិ បានចុះការពារត្រី ក្នុងបឹងនេះមុន១ខែ ព្រោះខ្លាចមានការលួចឆក់ យកត្រីមុនធ្វើពិធី ដែលខុសពីទំនៀមទំលាក់ ជាពិសេសគឺការប្រើឧបករណ៍ ខុសច្បាប់តែម្តង។

បើតាម លោក អួច យឿង មេឃុំជាំក្រវៀន បានឲ្យដឹងថា ពិធីចាប់ត្រីនេះ គឺយើងបានរៀបចំ ជារៀងរាល់ឆ្នាំ ដើម្បីកំសាន្ដ និងសាមគ្គីគ្នា ស្គាល់គ្នា យោគយល់គ្នា សំរាប់បឹងធំនេះ គឺមិនឲ្យអ្នកណា ប៉ះពាល់ដាច់ខាត សំរាប់តែពិធីចាប់ត្រី១ឆ្នាំម្ដង តែប៉ុណ្ណោះ អ្នកណាក៏ចាប់បានដែរ តែដាច់ខាត ត្រូវប្រើឧបករណ៍បុរាណ។

គួរបញ្ជាក់ថា ពិធីចាប់ត្រីនៅត្រពាំងក្រមនេះ គឺធ្វើឡើងតាំងពីបរមបុរាណតរៀងមក នៅពេលដែលទឹកស្រកទៅ គឺប្រជាពលរដ្ឋនាំគ្នា ធ្វើពិធីចុះត្រីចាប់ត្រីនេះតែម្តង ៕ដោយ៖ វ៉ាន់ វីរៈ