បណ្តាញសង្គម

ជនពិការ និងជនចាស់ជរាក្នុងខេត្តត្បូងឃ្មុំ បន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរខេត្ត ក្រោយទទួលបានរទេះរុញចំនួន៨០គ្រឿង ថ្មីបន្ថែមទៀត!!

(ត្បូងឃ្មុំ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរខេត្ត ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនជនពិការ និងជនចាស់ជរាក្នុងខេត្តនោះ នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលាខេត្តត្បូងឃ្មុំ រទេះរុញចំនួន៨០គ្រឿង ត្រូវបានលោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ធ្វើការចែកជូនល់ជនពិការ និងជនចាស់ជរា ដែលមកពីតាមបណ្តាក្រុង ស្រុកក្នុងខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភដោយ សមាគមសាសនាកាតូលិក ក្រុងហូជីមិញ ប្រទេសវៀតណាម ។

លោកជំទាវ អភិបាលរងខេត្ត ថ្លែងអោយដឹងថា រទេះរុញចំនួន៨០គ្រឿង ដែលផ្តល់ជូនមកពេលនេះ ជាលើកទី២ហើយសម្រាប់សមាគមកាតូលិក ក្រុងហូជីមិញ ផ្តល់ជូនដល់ជនពិការ និងជនចាស់ជរានៅខេត្តត្បូងឃ្មុំតាមរយៈអាជ្ញាធរខេត្ត ដោយលើកទី១ចំនួន៥០គ្រឿង សរុបទាំង២លើកចំនួន១៣០គ្រឿង ។

លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ ដែលតែងតែសហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ ផ្តល់ភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ ដល់បងប្អូនជនពិការ ជាពិសេសស្របទៅតាម ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា តែងលើកឡើង និងផ្តល់តម្លៃ ដោយចាត់ទុកពួកគាត់ជាគ្រួសារតែមួយ រួមសុខ រួមទុក្ខ រួមគ្នា ទោះបីពួកគាត់មិនមានកាយសម្បទាគ្រប់គ្រាន់ក្តី តែក្តីស្រមៃ ការតាំងចិត្ត ចំណេះដឹង សមត្ថភាពបំពេញការងារ ការចូលរួមអភិវឌ្ឍន៍ក្នុងសង្គម គឺមានពេញលេញ ស្មើគ្នាដូចគ្នាជាមួយប្រជាពលរដ្ឋទូទៅ ។

លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត បញ្ជាក់ឲ្យដឹងថា រទេះរុញនេះ ជាផ្នែក១ដ៏សំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ពីកន្លែង១ ទៅកាន់កន្លែង១ទៀត និងកាត់បន្ថយការលំបាកផ្សេងៗជាច្រើនទៀត ដល់ជនពិការ និងបន្ទាប់ពីទទួលបានរទេះនេះហើយ សូមឲ្យបងប្អូនទាំងអស់ ចូលរួមថែរក្សា ដើម្បីប្រើប្រាស់បានយូរអង្វែង ៕