បណ្តាញសង្គម

នគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានចុះកិច្ចប្រតិបត្តិការបង្ក្រាបលើមុខសញ្ញាសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន តាមអំណាចដីការបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ របស់តុលាការខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល ជំនាញផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាល ស្រុកមេមត់ បានចុះកិច្ច ប្រតិបត្តិការ ស្រាវជ្រាវរកមុខ សញ្ញាពាក់ព័ន្ធ ករណីគ្រឿងញៀន  ទៅតាមអំណាចដីការ បង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ របស់តុលាការ ខេត្តត្បូងឃ្មុំ

ដោយឃាត់ខ្លួន បានសញ្ញាសង្ស័យឈ្មោះ ហឿន ចាន្នី ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅឋាន នៅភូមិតោញ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ២០ នាទី នៅចំណុចហាង ខារ៉ាអូខេយីហោ ស្រីស្រ៊ាង ស្ថិតក្នុង ភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ដីកាចំនួន ០២ របស់តុលាការ ខេត្តត្បូងឃ្មុំ ដែលកម្លាំងនគរបាល ជំនាញផ្នែកប្រឆាំង គ្រឿងញៀន ស្រុកមេមត់ ចុះធ្វើការអនុវត្ត បង្គាប់ឲ្យចាប់ខ្លួនលើ មុខសញ្ញានោះ ៖ ១.ដីកាបង្គាប់ឲ្យចាប់ខ្លួន ៥៤ ចុះថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៧ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តត្បូងឃ្មុំ ( សាវតារជាតិ មិនគ្រប់គ្រាន់) ពីបទ ៖ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅ ភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៦ តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ។ ២.ដីកាបង្គាប់ឲ្យចាប់ខ្លួន ១៧០/២០១៧ ចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ របស់លោក សុខ លី ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តត្បូងឃ្មុំ ត្រូវចោទពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិឃ្មួរ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៧ តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន ។

ខណៈពេលកម្លាំង សមត្ថកិច្ច យើងបានធ្វើការឃាត់ខ្លួន មុខសញ្ញាសង្ស័យ នៅចំណុចខាងលើ ហើយបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ប្រភេទ ម៉ាទឹកកកចំនួន ០១ កញ្ចប់ធំ លាក់ទុក ក្នុងរថយន្តម៉ាក CAMRY ស្វិតចាស់ សេរីឆ្នាំមិនស្គាល់ បាញ់ពណ៌ខ្មៅ មិនមានផ្លាកលេខ រលុបលេខតួ លេខម៉ាស៊ីន រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីបន្តធ្វើ ការសាកសួរ និងកសាងសំណុំរឿង ទៅតាមនីតិវិធី ។

បច្ចុប្បន្នកម្លាំង នគរបាលជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន ស្រុកមេមត់ បានកសាងសំណុំរឿង រួចរាល់ក្នុងការបញ្ចូន ជនសង្ស័យខាងលើ និងរថយន្ត ម៉ាក CAMRY ស្វិតចាស់នោះ ព្រមទាំងវត្ថុតាង ថ្នាំញៀនចំនួន ០១ កញ្ចប់ ទៅកាន់អយ្យការ អមសាលាដំបូង ខេត្តត្បូងឃ្មុំ ធ្វើការផ្តន្ទាទោស តាមនីតិវិធីច្បាប់ ដោយផ្អែកទៅ លើអំណាចដីកាចំនួន ០២ ខាងលើ , ចម្លើយសារភាព , លទ្ធផលធើ្វតេស្ដ ស្វែងរកសារធាតុញៀន បញ្ជាក់ថាវិជ្ជមាន ( មានផ្ទុកសារ ធាតុញៀនក្នុងខ្លួន ) និងវត្ថុតាងដែលសមត្ថកិច្ច បានធ្វើការដកហូត នៅចំពោះមុខជន សង្ស័យផ្ទាល់ ៕