បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ “ការលំបាករបស់ប្រជាកសិករ គឺជាការលំបាករបស់រាជរដ្ឋាភិបាល និងយើងទាំងអស់គ្នា”

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការចែកពូជ ស្រូវក្រអូបដល់ ប្រជាកសិករ ក្នុងសហគមន៍ កសិកម្មនាងទាវ ក្នុងគម្រោងជំរុញ ផលិតកម្មស្បៀង ស្ថិតក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោមការយកចិត្ត ទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា សម្រេចផ្តល់ហិរញ្ញប្បទានថវិការជាតិទាំងស្រុង២០លានដុល្លារអាមេរិក ដើម្បីជំរុញផលិតកម្មស្រូវក្រអូប និងបន្លែសុវត្ថិភាព នៅក្នុងខេត្តចំនួន១១ ដោយគិតគូរពីការផ្សារភ្ជាប់ទីផ្សារ ក្នុងនោះមានខេត្តត្បូងឃ្មុំ ផងដែរ ។

ឯកឧត្តម លី ឡេង បន្តថា ដោយឡែក នាពេលនេះ ប្រជាកសិករ ដែលជាសមាជិក សហគមន៍កសិកម្ម ចំនួន១១៣គ្រួសារ នឹងទទួលបាន ពូជស្រូវក្រអូប ៩៧,៥០០គីឡូក្រាម សម្រាប់អនុវត្តលើផ្ទៃដី ៦៥០ហិកតា ដែលឧបត្ថម្ភមួយចំនួន ពីរាជរដ្ឋាភិបាល ដើម្បីយកទៅសាបព្រួស តាមស្រែរៀងៗខ្លួន ហើយសង្ឃឹមថា នឹងទទួលបានទិន្នផល ល្អជាទីគាប់ចិត្ត ។

ឯកឧត្តម អភិបាលខេត្ត ក៍បានធ្វើការ ជំរុញដល់មន្ត្រី ជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បន្តយកចិត្តទុក ដាក់ណែនាំបច្ចេក ទេសថ្មីៗ ដល់ប្រជាកសិករ ព្រមទាំងតាមដាន ត្រួតពិនិត្យ ជួយអន្តរាគមន៍ អោយបាន ទាន់ពេលវេលា ក្នុងករណី មានលេចចេញនូវជំងឺ ឬសត្វល្អិតយាយី ដល់ដំណាំស្រូវរបស់កសិករ ជាពិសេសអាជ្ញាធរ ដែនដីស្រុក ឃុំ ភូមិ ក៍ត្រូវតាមដាន និងរាយការណ៍ ជាបន្ទាន់ទៅ មន្ត្រីជំនាញ ក្នុងករណីជួបនូវបញ្ហា និងការលំបាក ក្នុងផលិតកម្មកសិកម្ម ព្រោះថា “ការលំបាករបស់ ប្រជាកសិករ គឺជាការលំបាករបស់រាជរដ្ឋាភិបាល និងយើងទាំងអស់គ្នា” ។

បើតាម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ គម្រោងជម្រុញ ផលិតកម្មស្បៀង របស់មន្ទីរ បានពង្រីកទំហំ ផលិតកម្មពូជស្រូវ ចំនួន៩៦គ្រូសារ លើផ្ទៃដី៥៧ហិកតា និងផលិតស្រូវចំណី ជាង១០០០គ្រួសារ លើផ្ទៃដីជាង១៦៦០ហិកតា បន្ថែមទៀត ហើយពូជដែលប្រើប្រាស់ មានពូជសែនក្រអូប(ស្រូវរយៈពេលខ្លី) និងស្រូវផ្ការំដួល (ស្រូវកណ្តាល) ។

លោក បន្តថា នាថ្ងៃនេះ ប្រជាកសិករ ចំនួន១១៣គ្រួសារ នឹងទទួលបាន ពូជស្រូវសុទ្ធល្អ ពីគម្រោងជំរុញ ផលិតផល ដោយ១ហិចតា កសិករនឹង ទទួលបានពូជស្រូវ ក្រអូប ចំនួន ១៥០គីឡូក្រាម ដើម្បីជួយដោះស្រាយ ការលំបាក លើការចំណាយប្រាក់ ទិញពូជនេះ ក្នុងការដាំដុះ ។ តាមគម្រោងពូជនេះ មានតម្លៃ ៣០០០ពាន់រៀល ក្នុង១គីឡូក្រាម ប៉ុន្តែរាជរដ្ឋាភិបាល តម្រូវអោយប្រជាកសិករ ចំណាយត្រឹមតែ ១០០០ពាន់រៀល ក្នុង ១គីឡូក្រាម ចំណែក ២០០០ពាន់រៀលទៀត ជាការឧបត្ថម្ភធន ពីរាជរដ្ឋាភិបាល ៕