បណ្តាញសង្គម

ពលរដ្ឋ០៦គ្រួសារ ត្រូវអគ្គិភ័យឆេះបំផ្លាញផ្ទះ០៦ខ្នងគ្មានសល់ នៅស្រុកត្បូងឃ្មុំ, ថ្ងៃនេះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ យកអំណោយប្រគល់ជូន គ្រួសាររងគ្រោះ

(ត្បូងឃ្មុំ)៖ ឯកឧត្តម លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ អមដំណើរដោយលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះចំនួន០៦គ្រួសារ ដោយគ្រោះអគ្គិភ័យឆេះផ្ទះអស់ ០៦ខ្នង ស្ថិតនៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ។

ក្នុងឱកាសនោះ ឯកឧត្តម លី ឡេង បានពាំនាំប្រសាសន៍បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែល បានបំផ្លាញ លំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ដែលជានិច្ចកាល សម្ដេច តែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ។

ឯកឧត្តម លី ឡេង បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងមានសេចក្ដីសោកស្ដាយជាខ្លាំង ជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទេវហេតុនេះ បណ្តាលឲ្យបាត់បង់ ផ្ទះសម្បែង និងសំភារៈយ៉ាងច្រើន ដែលបងប្អូនខិតខំរកដោយលំបាកនោះ។

ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ជាពិសេសចំពោះបងប្អូន ដែលប្រើប្រាស់ចរន្តអគ្គិសនី ត្រូវមានការប្រុងប្រយត្ន័ ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាង មានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ។

ចំពោះអំណោយមនុស្សធម៌ក្នុង១គ្រួសារ ទទួលបានមាន៖ អង្ករ២៥គីឡូក្រាម, កៅស៊ូតង់១, កន្ទេល១, មុង១, ភួយ១, ខ្នើយ១, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ២យួរ, សំភារៈផ្ទះបាយ ១សម្រាប់ និងថវិការចំនួន២០ម៉ឺនរៀល ។

បើតាមរបាយការណ៍ លោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ បង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី ទុសេខ្សែភ្លើង បណ្តាលអោយឆេះរាលដាល ផ្ទះដែលនៅក្បែរគ្នាចំនួន៦ខ្នង ហើយភ្លាមៗរថយន្តពន្លត់អគ្គិភ័យ ចំនួន០៦គ្រឿង របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ, អធិការនគរបាលក្រុងសួង, ស្រុកតំបែរ, ស្រុកអូររាំងឪ, និងស្រុកក្រូចឆ្មារ ដោយប្រើប្រាស់ទឹកអស់២០រថយន្ត ទើបភ្លើងរលត់ទាំងស្រុងទៅវិញ ដោយឆេះខូចខាតសម្ភារៈអស់ទាំងស្រុង និងបណ្តាលអោយរងរបួសស្រាលម្នាក់ប៉ុណ្ណោះ ។

លោក អភិបាលស្រុក បន្តថា គ្រោះអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង ទាំង៦គ្រួសារ ជនជាតិខ្មែរឥស្លាម ដែលផ្ទះសង់ពីឈើប្រក់ក្បឿង រួមមាន៖

ទី១ឈ្មោះ លី អ៉ីសា ភេទប្រុស អាយុ៦១ឆ្នាំ មានសមាជិក០៧នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១១ម៉ែត្រ

ទី២ឈ្មោះ សុះ អ៉ីត ភេទប្រុស អាយុ៥៩ឆ្នាំ មានសមាជិក០៧នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១១ម៉ែត្រ

ទី៣ឈ្មោះ អេល ប៉ាស៊ីយ៉ះ ភេទស្រី អាយុ៤២ឆ្នាំ មានសមាជិក០៦នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១៥ម៉ែត្រ

ទី៤ឈ្មោះ សា យ៉េប ភេទប្រុស អាយុ៥៨ឆ្នាំ មានសមាជិក០៨នាក់ ផ្ទះទំហំ ៨ម៉ែត្រ គុណនឹង១២ម៉ែត្រ

ទី៥ឈ្មោះ ម៉ាត់ អ៉ីត ភេទប្រុស អាយុ៥១ឆ្នាំ មានសមាជិក០៧នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង១២ម៉ែត្រ

ទី៦ឈ្មោះ សុះ អាំម៉ី ភេទស្រី អាយុ៤០ឆ្នាំ មានសមាជិក០២នាក់ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង៩ម៉ែត្រ ។

លោក បញ្ជាក់អោយដឹងទៀតថា ចំពោះសម្ភារៈដែលខូចខាតក្នុងគ្រោះអគ្គិភ័យនេះ រួមមាន៖ ផ្ទះចំនួន០៦ខ្នង, តូបលក់ឥវ៉ាន់០១, មាស៨,៨តម្លឹង, ផ្លាកទីន៥,៥តម្លឹង, ប្រាក់រៀល២០លានរៀល, ប្រាក់ដុល្លារ ២៣៥០០$, ប្រាក់ម៉ាឡេស៉ី ២៣០០០រង្គីត, ម៉ូតូ០៣គ្រឿង, កង់០៨គ្រឿង, ម៉ាស៉ីនបូមទឹក០៥គ្រឿង, ទូរទស្សន៍០៨គ្រឿង, ទូរស័ព្ទ០៥គ្រឿង សម្ភារ:ប្រើប្រាស់ជាច្រើនទៀត៕ ដោយ៖ វ៉ាន់ វីរៈ