បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយប្រតិភូអមដំណើរ ព្រមទាំងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក និងកម្មករទាំងអស់ បំរើការងារក្នុងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ។

ថ្លែងនាឳកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងថាការបង្ក្រាបរថយន្តផ្ទុកទំនិញលើសទំងន់កម្រិតកំណត់មានលក្ខណៈដូចវែកចក ដោយបញ្ជាក់ថា “ដើម្បីកុំឱ្យដូចវែកចក គឺយើងត្រូវយកចកចេញឱ្យអស់” ពោលគឺត្រូវប្រើយន្តការច្បាប់ និងរកប្រភពដើមឱ្យឃើញ និងបិទក្រុមហ៊ុនណាដែលមិនគោរពច្បាប់។

ការត្រួតពិនិត្យយានយន្តផ្ទុកទំនិញលើសទំងន់កម្រិតកំណត់ និងការកែច្នៃខុសលក្ខណៈបច្ចេកទេសយានយន្តត្រូវតែបន្តអនុវត្តឱ្យបានជាប្រចាំនិងម៉ឺងម៉ាត់បំផុត ព្រោះថាបើរថយន្តតែមួយគ្រឿងដឹកលើសទម្ងន់កម្រិតកំណត់ ២០តោនគឺស្មើនឹងរថយន្ត ១៦០ ០០០គ្រឿងធ្វើចរាចរនៅលើផ្លូវនោះ ដែលធ្វើឱ្យផ្លូវឆាប់ទ្រុឌទ្រោម និងខូចខាត។ ករណីនេះធ្វើឱ្យខាតបង់ថវិកាជាតិរាប់រយលានដុល្លារសម្រាប់ជួសជុលផ្លូវឡើងវិញក្នុងមួយឆ្នាំៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់រួបរួមសាគ្គីសហការគ្នាឱ្យបានរឹងមាំ ហើយសូមកុំឱ្យមានការបែងចែកជាក្រុម ជាបក្សពួក ពោលគឺមានតែក្រុមមួយគត់គឺ ក្រុមមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរួមគ្នាកសាងជាតិមាតុភូមរបស់យើងឱ្យមានការរីកចម្រើនតាមក្ដីស្រម៉ៃរបស់យើងម្នាក់ៗ ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើនដូចប្រទេសអភិវឌ្ឍន៍ក្នុងសកលលោក។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានផ្ដល់កិត្តិយសក្នុងការចែកគ្រឿងឥស្សរិយយស និងមេដាយជូនមន្ត្រីឆ្នើមនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ព្រមទាំងបានចែកវត្ថុអនុស្សាវរីយ៍ជាកន្សែងពោះគោ ដែលក្នុងម្នាក់ៗទទួលបានកន្សែងមួយ និងថវិកាចំនួនពីរម៉ឺនរៀលផងដែរ។

តាមរបាយការណ៍សង្ខេបរបស់ លោក គី វីរិន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ផ្លូវជាតិ និងផ្លូវខេត្តឆ្លងកាត់ក្នុងខេត្តត្បូងឃ្មុំទាំងអស់ មានចំនួន ៣៤ខ្សែ ប្រវែង៣៧៨.៤០៥ម៉ែត្រ ក្នុងនោះផ្លូវក្រាលបេតុងប្រវែង ២២.២០០ម៉ែត្រ, ផ្លូវក្រាលបេតុងកៅស៊ូប្រវែង ៣៨.០៥០ម៉ែត្រ, ក្រាលកៅស៊ូ២ជាន់ប្រវែង ៤៨២.៥០៨ម៉ែត្រ និងក្រាលគ្រួសក្រហមប្រវែង ២៨៣.៦៤៧ម៉ែត្រ ។

លោក បន្ថែមថា ដោយឡែកការបែងចែកប្រាក់រង្វាន់ (ទូទាំងប្រទេស) មន្ត្រីទាំងអស់ សប្បាយរីករាយ និងគាំទ្រនូវឆន្ទៈ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយចូលរួមយ៉ាងសកម្មក្នុងការអនុវត្តផែនការនានា ដោយទទួលបានលទ្ធផលដូចជាៈ -ជួសជុល និងថែទាំងប្រចាំលើផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ១២០០គ.ម ក្នុងឆ្នាំ២០១៨ ការងារថែទាំប្រចាំប្រវែង ២៧៨,៤៦គ.ការងារជួសជុលខួបប្រវែង ៤.២គម និងលូជ្រុងប្រវែង ១គម, -ចុះបញ្ជីយាន្តគ្រប់ប្រភេទសរុបចំនួន ៣៣.៨៥៨គ្រឿង, -ផ្តល់ប័ណ្ណបើកបរ ជូនប្រជាពលរដ្ឋសរុបចំនួន ២៣.៤៥៦គ្រឿង, -ឆៀកយានយន្តគ្រប់ប្រភេទចំនួន ១.១៤៨គ្រឿង, -កាត់ទ្រុងយានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ៣៦៩គ្រឿង, -ផ្តល់ច្បាប់យានដ្ឋានចំនួន ៩២កន្លែង, -ផ្តល់មួកសុវត្ថិភាពជូនពលរដ្ឋចំនួន ៧៥០មួក, -ចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកបានចំនួន ១២៤៥នាក់, -បិទស្ទីកឃ័រចំណាំងផ្លាតសរុបចំនួន ៩៣.៥៧៥សន្លឹក ព្រមទាំងចុះស្រង់ស្ថិតិ និងទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ ៕