បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្តត្បូងឃ្មុំ

ថ្ងៃទី១៩ខែឧសភា ឆ្នាំ ២០១៤ នៅស្រុកពញ្ញាក្រែក បានប្រារព្ធពិធីសំណេះសំណាល ជាមួយប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនរូបទៀត។

ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា ចាប់តាំងពីបង្កើតខេត្តត្បូងឃ្មុំមក យើងទាំងអស់គ្នាបានជួបសំណេះសំណាល និងពិភាក្សាការងារម្ដងរួចមកហើយ ជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ និងប្រធានការិយាល័យ ដែលត្រូវប្រកាសចូលកាន់មុខតំណែងនាពេលខាងមុខនេះ ហើយទើបតែពេលនេះមានឱកាសសំណេះសំណាល និងពិភាក្សាការងារជាមួយគ្នា លើគម្រោងកញ្ចប់ថវិការ និងហេដ្ឋារចនាសម្ព័ន្ធ៧ខែ ក្នុងឆ្នាំ២០១៤ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍បន្តទៀតថា ខេត្តត្បូងឃ្មុំនៅពេលនេះមិនទាន់ដំណើរការ និងអនុវត្តផែនការ ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងទីកន្លែងធ្វើការងារនៅឡើយ ពោលគឺរាជរដ្ឋាភិបាល បានត្រៀមគម្រោងថវិកា ដើម្បីអនុវត្តការងារ៧ខែ ក្នុងឆ្នាំ២០១៤ និងរៀបចំរចនាសម្ព័ន្ធមន្ទីរ ទីកន្លែងធ្វើការងារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានសំណូមពរចំពោះឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ និងប្រធានការិយាល័យ ដែលត្រូវប្រកាសចូលកាន់មុខតំណែងក្នុងខេត្តត្បូងឃ្មុំ នាពេលខាងមុខនេះ ត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរដើម្បី បំពេញភារកិច្ចជូនអង្គភាពក៏ដូចជាជូនខេត្ត និងប្រទេសជាតិឲ្យទទួលបានលទ្ធផលខ្ពស់។

គួរបញ្ជាក់ដែរថាអាគារលាសាខេត្តត្បូងឃ្មុំបណ្ដោះអាសន្ន ដែលមានទីតាំងនៅក្នុងសាលាស្រុកពញាក្រែកបណ្ដាយ៥០m ទទឹង២៥m ស្មើនឹង១២៥០m2 មានបន្ទប់ចំនួន២០ ជញ្ជាំងប្រើប៉េតុងស្លែត តំបូលប្រកស័ង្កសី បច្ចុប្បន្នត្រូវបានសាងសង់សំរេចបានប្រមាណជា ៨៥% ហើយ ហើយគម្រោងនេះ គ្រោងនឹងបញ្ជប់ជាស្ថាពរ នៅដើមខែមិថុនា ឆ្នាំ២០១៤ខាងមុខនេះផងដែរ៕