បណ្តាញសង្គម

ប៉ាតង់ថ្មីរបស់Apple បង្ហាញពីគម្រូបន្ទះអេក្រង់កោងអាចបត់ច្រើនគន្លាក់ ប្លែកខុសគេ

រហូតមកដល់ពេលនេះ ការផលិតស្មាតហ្វូនដែលមានអេក្រង់កោង អាចបត់បាន កំពុងក្លាយជាផ្ទាំងស៊ីបធំមួយ ដែលក្រុមហ៊ុនទូរសព្ទជាច្រើន មានគម្រោងចង់បាញ់ទម្លាក់ ចូលទៅកាន់ទីផ្សារ ខណៈមានក្រុមហ៊ុនខ្លះ

ក៏បានប្រកាសចេញ រួចរាល់ហើយដែរ។ ក្នុងនោះ សម្រាប់ក្រុមហ៊ុនផ្លែប៉ោមឆែប យើងក៏ធ្លាប់បានឃើញរូបភាពប៉ាតង់ ដែលបានលេចធ្លាយ បង្ហាញពីគម្រូលើស្មាតហ្វូន មានអេក្រង់កោង អាចបត់បាន របស់ពួកគេ មួយចំនួនដែរ កាលពីពេលកន្លងទៅ។ 

ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ សម្រាប់ពេលនេះ គឺថាការិយាល័យពាណិជ្ជកម្ម និងប៉ាតង់របស់សហរដ្ឋអាមេរិច បានធ្វើការបង្ហាញរូបភាពប៉ាតង់ថ្មីមួយ ជាមួយបន្ទះអេក្រង់ ដែលអាចបត់បាន។ យោងតាមរូបភាព យើងបានឃើញថា បន្ទះអេក្រង់គម្រូនេះ មិនមែនបត់តែមួយគម្លាក់ទេ គឺបត់ 2 គន្លាក់ តែម្តង ដែលវាកាន់តែប្លែក មួយកម្រិតទៀត ខុសពីលើកមុនៗ។ មិនទាន់មានការបញ្ជាក់ និងបង្ហើបអោយបានដឹងទេថា បន្ទះអេក្រង់បត់ច្រើនតង់នេះ នឹងកើតនៅលើ iPhone ឬ iPad ជំនាន់ថ្មី ឬអាចជាឧបករណ៍អេឡិចត្រូនិច ណាមួយឡើយ។ មានអតិជនខ្លះ ក៏បានលើកឡើងថា វាអាចជា iDevices កូនកាត់ iPhone + iPad សម្រាប់ពេលចេញរូបរាងពិត ដូចទៅនឹងគម្រូបន្ទះអេក្រង់កោង អាចបត់ច្រើនគន្លាក់ ប្លែកខុសគេ បែបនេះ។

សរុបមក យើងនៅមិនទាន់ហ៊ានអះអាង អោយជាក់លាក់ទេថា ប៉ាតង់ថ្មី លើបន្ទះអេក្រង់ ដែលអាចបត់បាននេះ នឹងដូចជាមួយ រូបភាពគម្រូខាងលើ ឬអត់ឡើយ។ គ្រប់យ៉ាង គឺយើងទាំងអស់គ្នា មានតែរង់ចាំមើលបន្តទៀតថា ចុងក្រោយនៃអនាគត ឧបករណ៍មានបន្ទះអេក្រង់កោង បត់បានច្រើនគន្លាក់ របស់ម៉ាកសញ្ញាផ្លែប៉ោមឆែបនេះ នឹងទៅជាយ៉ាងណា។

ដកស្រង់ចេញពីCamborReport