បណ្តាញសង្គម

ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សា គណៈអភិបាល និងប្រធានអង្គភាពនានាជុំវិញ ខេត្តត្បូងឃ្មុំ

ពិធីប្រកាស ស្តីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាល ខេត្តត្បូងឃ្មុំ និងពិធីប្រកាស ចូលកាន់តំណែង ក្រុមប្រឹក្សា គណៈអភិបាល  និងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះផងដែរ ក៍មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដូចជា ឯកឧត្តម ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។

លើសពីនេះក៍មាន ការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ ខេត្តប៉ីញភឺក នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។

បន្ទាប់ពីឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យ ស្តីពីការបង្កើតខេត្តត្បូងឃ្មុំ ព្រះរាជក្រឹត្យ ស្តីពីការតែងតាំង ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត និង ព្រះរាជក្រឹត្យ ស្តីពីការតែងតាំង អភិបាល នៃគណៈអភិបាលខេត្ត។

យោងតាមព្រះរាជក្រឹត្យ សម្រេចតែងតាំង ឯកឧត្តម ឡាន់ ឆន ជាប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងសមាជិកក្រុមប្រឹក្សាចំនួន៩ រូបទៀត និងឯកឧត្តម ប្រាជ្ញ ចន្ទ ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ដោយឡែក យោងតាមអនុក្រឹត្យ សម្រេចតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្ត ចំនួន៦រូប។

ជាមួយគ្នានេះ ឯកឧត្តម សក់ សេដ្ឋា ក៍បានអានប្រកាសរបស់ក្រសួងនានា ស្តីពីការតែងតាំងនាយក នាយករងរដ្ឋបាល សាលាខេត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត  មេបញ្ជាការ នៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងប្រធានមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត។

បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បានមានមតិសំណេះសំណាល និងផ្តល់ការណែនាំ ដល់ថ្នាក់ដឹកនាំខេត្ត បន្តអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងបន្តខិតខំអនុវត្តការងាររបស់ខ្លួន ឲ្យសម្រេចបានជោគជ៍យ។ ឯកឧត្តម មានប្រសាសន៍ឲ្យ ប្រធានអង្គភាពនានា រៀបចំរចនាសម្ព័ន្ធ ចាប់ពី អនុប្រធាន អង្គភាព ដល់មន្រ្តីឲ្យចប់សព្វគ្រប់ ត្រឹមចុងខែមិថុនានេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៍បានកោតសរសើរ ឯកឧត្តម ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និងឯកឧត្តម រដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន ដែលជាប្រធានអនុគណកម្មការទាំង២ ក្នុងការរៀបចំរដ្ឋបាលខេត្តនេះ ព្រមទាំងកោតសសើរ ឯកឧត្តមអភិបាលខេត្ត ក្នុងការខិតខំ និងសម្របសម្រួល លើការរៀបចំរដ្ឋបាលខេត្តមួយនេះ ឲ្យសម្រចបានជាលទ្ធផល គួរជាទីមោទនៈ។

គួរបញ្ជាក់ដែលថា រដ្ឋបាលខេត្តថ្មីនេះ មានក្រុមប្រឹក្សាខេត្ត ចំនួន១៩រូប គណ:អភិបាលខេត្ត ចំនួន០៧រូប មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ចំនួន២៦ ស្រុកក្រុង ចំនួន០៧ ឃុំសង្កាត់ ចំនួន៦៤ ភូមិ ចំនួន៨៦៤ គ្រួសារ ចំនួន១៧៤០៤៨ ប្រជាជន ចំនួន ៨១៨៨៦៧នាក់ និងមានផ្ទៃដី ចំនួន ៥២៣៨៦០ គីឡូម៉ែត្រក្រឡា។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត និង ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត (ខាងស្តាំ)

ឯកឧត្តម លោកជំទាវ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត

ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត

ឯកឧត្តម រដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន និង លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្ត