បណ្តាញសង្គម

ឯកឧត្តម លី ឡេងអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្ត ព្រះរាជពិធីបុណ្យចម្រើនព្រជន្ម សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីសូត្រមន្ត ក្នុងឳកាសចម្រើនព្រះជន្មាយុគម្រប់ ៨២ យាងចូល ៨៣ ព្រះវស្សា សម្តេចម៉ែ

ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីអ្នកមុខអ្នកការសាលាខេត្ត តាជីយាយជី និងយុវជនកាកបាទក្រហម សរុបប្រមាណ២១១នាក់ បានអញ្ជើញចូលរួមពិធីសូត្រមន្ត ថ្វាយព្រះពរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ។

ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ពិតជាចង់ចាំជានិច្ចនូវទឹកព្រះទ័យមនុស្សធម៌ សណ្តោសត្រាប្រណីដល់មនុស្សជាតិ ភាពម៉ឺងម៉ាត់ ម៉ត់ចត់ សុភាពរាបសារ ប្រកបដោយភាពឈ្លាសវៃគួរជាទីគោរពប្រតិបត្តិ របស់សម្តេចម៉ែជានិច្ច។

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៨២យាងចូល ៨៣ព្រះវស្សា នៃសម្តេចម៉ែ ព្រះវររាជមាតាជាទីស្រឡាញ់គោរពសក្ការៈ ឯកឧត្តម លី ឡេង រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហម ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ បានបួងសួងប្រសិទ្ធិពរបវរសួស្តីជ័យមង្គល មហាប្រសើរថ្វាយព្រះវររាជមាតាជាតិខ្មែរ ជាព្រះវររាជមាតាដ៏ឆ្នើម ដែលបានផ្តល់គំរូល្អ ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួត របស់ព្រះអង្គ។

ស្ថិតក្នុងឳកាសដ៍វិសេសវិសាលនោះ ឯកឧត្តម លី ឡេង រួមទាំងមន្ត្រីក្រោមឳវាទ តំណាងប្រជានុរាស្រ្តក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេសទាំងអស់ បានបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិទាំងឡាយលើលោក ទេវតារក្សាព្រះមហាស្វេទច្ឆ័ត្រ និងព្រះវិញ្ញាណក្ខ័ន្ធដ៏មានបារមីនៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីខ្មែរ សូមយាងតាមបីបាច់ថែរក្សា ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះ បាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះវររាជមាតា និងព្រះអង្គ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលរឹងមាំ ដើម្បីទ្រទ្រង់គង់ជាម្លប់ដ៏ត្រជាក់យូរអង្វែង សម្រាប់ប្រជានុរាស្ត្រខ្មែរ បន្តព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពសម្បូរណ៍សប្បាយថ្កុំថ្កើងរុងរឿងជាបន្តរៀងរហូត។

ជាចុងក្រោយ ឯកឧត្តម លី ឡេង និងលោកជំទាវ បានវេរប្រគេនទិយ្យទាន ទិយ្យវត្ថុ ដល់ព្រះសង្ឃចំនួន៧អង្គ ព្រមទាំងចែកក្រណាត់ស១ដុំ ថវិការ១ម៉ឺនរៀល ដល់យាយជីតាជី និងយុវជនកាកបាទក្រហម ក្នុងម្នាក់១ម៉ឺនរៀលផងដែរ ៕