បណ្តាញសង្គម

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធបិតី ប្រារព្ធខួបលើកទី៤១ឆ្នាំ “ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបលើកទី៤១ឆ្នាំ “ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត” ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០១៨ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះមានការអញ្ជើញចូលរួមពីប្រតិភូ ក្រសួងការពារជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា“ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត” ដែលធ្វើឡើនាពេលនេះ គឺដើម្បីរំលឹកនូវការចងចាំជានិច្ច ដើម្បីដិតដាមក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូបចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានពុះពារយ៉ាងអង់អាចក្លាហាន ហ៊ានធ្វើពលីកម្ម ឆ្លងកាត់រាល់ឧបសគ្គគ្រប់បែបយ៉ាង ក្នុងដំណើរតស៊ូយ៉ាងស្វិតស្វាញ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នងបេព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ ក្នុងរបរបដ៍ខ្មៅងងឹតនោះ។

ថ្លែងនាឳកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានរៀបរាប់ពីប្រវត្តខ្លះៗ នៃព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់របស់សម្តេចតេជោ និងយុទ្ធមិត្ត៤នាក់ទៀត នាពេលសម្រេចចិត្តធ្វើដំណើរ ទៅរកជំនួយពីប្រទេសជិតខាង ដោយឆ្លងកាត់ឧបសគ្កនានារាប់សិបជំពូក ដែលសុទ្ធសឹងអាចឆក់យកជីវិតបានគ្រប់ពេល ការតស៊ូលះបង់របស់សម្តេច ដែលជាគំរូវីរៈភាពដ៍អង់អាចក្លាហាន នាពេលនោះ គឺក្នុងគោលបំណងរួមតែមួយគត់ជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៍សាហាវយ៉ងឃ្នងនោះ ។

សម្តេចពិជ័យបានបន្តថាថ្ងៃនេះជាខួប៤១ឆ្នាំហើយដែលសម្តេចតេជោហ៊ុនសែននិងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀតបានធ្វើដំណើរផ្សងគ្រោះថ្នាក់ឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិចេញពីក្រញាំបិសាចប៉ុលពតហើយបានរំដោះប្រទេសដោយជោគជ័យស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន និងអនាគតជាបន្ត។

សម្តេចពិជ័យ ទៀ បាញ់ បញ្ជាក់ថា កម្ពុជានឹងប្រារព្ធពិធី «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត» ជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានា របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិតដើម្បីជាតិមាតុភូមិ ត្រូវយកទៅឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ បានសិក្សារៀនសូត្រ ពីប្រវត្តិនៃការតស៊ូរបស់សម្តេចតេជោ ផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាអ្នករកសន្តិភាព និងការពារសន្តិភាពដ៍ពិតប្រាកដដោយមានលេខរៀងទី២០ គឺងាយចាំ ងាយគិត ងាយគូស ដើម្បីរក្សានូវសន្តិភាព និងធានាបាននូវការអភិវឌ្ឍន ជាបន្តបន្ទាប់ទៀត ៕