បណ្តាញសង្គម

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅសាលាស្រុកត្បូងឃ្មុំ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ បានប្រារព្ធ ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

លោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំ បានឡើងអានរបាយការណ៍បញ្ជាក់ថា ស្រុកត្បូងឃ្មុំជាស្រុកមួយក្នុងចំណោម ស្រុកទាំង០៦ ក្រុង០១ចំណុះឲ្យខេត្តត្បូងឃ្មុំមានសមាជិកក្រុមប្រឹក្សាស្រុក ដែលត្រូវបានបោះឆ្នោតគាំទ្រពីសមាជិក ក្រុមប្រឹក្សាឃុំ មានចំនួន១៩រូប ស្រី០១រូបដែលមកពីគណបក្សនយោបាយចំនួន២ គឺគណបក្យប្រជាជនកម្ពុជាចំនួន១៣រូប គណបក្សសង្គ្រោះជាតិ ចំនួន០៦រូប។ស្រុកមានផ្ទៃដីសរុប ៨៧៨.២៦គម២ មានឃុំចំនួន១៤ស្មើ២០៨ភូមិ មានប្រជាពល រដ្ឋសរុប៤៣.២៥១គ្រួសារ ស្មើនឹង១៩៤.១២០នាក់ និងសក្ដានុពលសេដ្ឋកិច្ចល្អបង្គួរ ដែលយើងទាំងអស់គ្នាជាក្រុមប្រឹក្សា និងគណភិបាលស្រុក ត្រូវអនុវត្តបន្តការគ្រប់គ្រង ដឹកនាំ បំរើប្រជាជនធ្វើការអភិវឌ្ឍន៍ឲ្យកាន់តែមានភាពរីកចំរើន។

លោក សួន សុខុន ប្រធានក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ បានប្ដេជ្ញាពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំ ដើម្បីបង្កើតឲ្យបាន នូវ វប្បធម៌ ប្រជាធិបតេយ្យ ខាងសតិអារម្មណ៍យ៉ាងពិតប្រាកដ ដោយមិនប្រកាន់គណបក្សនយោបាយ ណាមួយឡើយ។ បន្ទាប់ពីលោក ពាង ណារុទ្ធិ នាយករដ្ឋបាលសាលាខេត្ត បានឡើងអាន អនុក្រឹត្យ ស្ដីពីការទទួលស្គាល់សមាភាព សមាជិក ក្រុមប្រឹក្សា ស្រុកត្បូងឃ្មុំរួចមក។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា កំពុងបន្ត ជំរុញការអនុវត្តកម្មវិធី កំណែទម្រង់វិមជ្ឈការ និវិសហវិជ្ឈការ ឲ្យកាន់តែស៊ីជម្រៅ ដំណើរការកំណែទម្រង់នេះនឹងត្រូវ ធ្វើឡើងតាមរយៈការអនុវត្ត ផែនការអនុវត្ត០៣ឆ្នាំ (ផអ៣) ដំណាក់កាលទី២ របស់កម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ ការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ កិច្ចការជាអាទិភាពក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំ ដំណាក់ កាលទី២ ដែលកំពុងរៀបចំ មានជាអាទិ៍៖ ទីមួយ.ការបន្តលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័ន អភិបាលកិច្ច ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមនៅក្នុង មូលដ្ឋានរបស់ខ្លួន។ ទីពីរ.បន្តជំរុញការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះគឺជាដំណើរការស្នូល និងជាកត្តាកំណត់ជោគជ័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ រាជរដ្ឋាភិបាលកម្ពុជា ទីបី.រាជរដ្ឋាភិបាល នឹងបន្តបង្កើនធនធាន ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការបង្កើនការផ្ទេរធនធានពីថ្នាក់ជាតិ និងការបង្កើតឲ្យមាន ប្រភពចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើរទន្ទឹមនឹងការពង្រឹងតួនាទី ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ប្រើប្រាស់ធនធាន របស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយតម្លាភាព និងសុច្ចរឹតភាព។ទីបួន.បន្តលើក កម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ មូលដ្ឋាន សំដៅឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍសង្គម ប្រកបដោយសមធម៌ និងទីប្រាំ.បន្តលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិ សំដៅចូលរួម ចំណែកអនុវត្ត ដោយជោគជ័យ នូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនោះដែរឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានរំលឹកដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុកត្បូងឃ្មុំ ព្រមទាំងមន្ត្រី ទាំងអស់ ត្រូវរួមសាមគ្គី សហការការងារ រវាងស្ថាប័ននីមួយៗ ឲ្យបានល្អប្រសើរ សំដៅអភិវឌ្ឍន៍មូលដ្ឋានស្រុកត្បូងឃ្មុំនេះ ឲ្យមានភាពរីកចំរើន និងបានឆ្លើយតប ទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕