បណ្តាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ ចាប់ផ្ដើមជំលៀសប្រជាពលរដ្ឋប្រមាណ៦០០គ្រួសារ ពីទឹកជំនន់ នៅវេលារសៀលថ្ងៃទី៣១ខែកក្កដានេះ

ប្រភពពត៌មាន ពីមន្ត្រីគណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមជំលៀស ប្រជាពលរដ្ឋចំនួន ប្រមាណ ៦០០គ្រួសារ នៅក្នុងឃុំទន្លេបិទ និងឃុំជីរោទិ៍១ ចេញពីភូមិដ្ឋាន ទៅរកទីទួលសុវត្ថិភាពហើយ នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ ។

អ្នកនាំពាក្យ គណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៣១ ខែកក្កដាថា ៖ ទឹកជំនន់ដោយ សារទឹកភ្លៀង ដែលហូរចេញពី ទន្លេមេគង្គ មិនត្រឹមតែបង្ខំ ឱ្យប្រជាពលរដ្ឋប្រមាណ ៦០០គ្រួសារ ត្រូវបង្ខំចិត្តជំលៀស ចេញពីលំនៅដ្ឋានប៉ុណ្ណោះទេ គឺទឹកជំនន់ថែមទាំង ធ្វើឱ្យសត្វពាហនៈជាង២០០ -៣០០ក្បាល ត្រូវជំលៀស និងធ្វើឱ្យដំណាំពោត ជាង ៤០០ហិកតា និងដំណាំកសិករ ជាច្រើនហិកតាទៀត នៅខេត្តត្បូងឃ្មុំ បានខូចខាត ព្រមទាំងលេច ផ្លូវជាច្រើនខ្សែទៀត ។

គណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងទៀតថា រហូតមកដល់រសៀលថ្ងៃទី៣១ ខែកក្កដា ទឹកជំនន់បានលិចស្រុក ជាច្រើនរបស់ខេត្តស្ទឹងត្រែង ដែលជាខេត្តនៅ តាមដងទន្លេមេគង្គ ផ្នែកខាងលើ ហើយនៅតាមតំបន់ទំនាប ខ្លះនៃខេត្តក្រចេះ គឺទឹកបានលិចជាបណ្ដើរៗ ។

អាជ្ញាធររដ្ឋាភិបាល បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ នៅក្រុងក្រចេះ និងតាមបណ្ដាស្រុកខ្លះទៀត ត្រូវប្រុងប្រយ័ត្ន គ្រោះទឹកជំនន់នេះ ពីព្រោះកំពស់ទឹកក្នុងទន្លេមេគង្គ បានឡើងកាន់តែខ្ពស់ ។ គណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ត្រូវប្រុងប្រយ័ត្នគ្រោះ ទឹកជំនន់នេះដែរ ។

តាមពត៌មានឱ្យ ដឹងថាទឹកជំនន់ ដែលកំពុង លិចឃុំមួយ ចំនួនរបស់ខេត្តត្បូងឃ្មុំ គឺហូរសំដៅ ទៅរកតំបន់ខ្លះ នៃខេត្តព្រៃវែង ហើយតំបន់ខ្លះរបស់ខេត្តព្រៃវែង ក៏ទឹកបានទៅដល់ហើយដែរ ដូច្នេះសូមប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រៃវែង ជាប់ព្រំប្រទល់គ្នាជាមួយ និងខេត្តត្បូងឃ្មុំ មេត្តាប្រុងប្រយ័ត្ន គ្រោះទឹកជំនន់ ដែលអាចកើត មានជាយថាហេតុ ៕