បណ្តាញសង្គម

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១០០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ទទួលអំណោយពីសមាគមពាណិជ្ជកម្មចិន ឆោសាននៅកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលមានឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី រួមជាមួយសមាគមពាណិជ្ជកម្មចិន ឆោសាន ដឹកនាំដោយលោក តាំង លក្ខហោ ប្រធានសមាគមន៍ពាណិជ្ជកម្មចិន ឆោសាននៅកម្ពុជា នាំយកអំណោយជាស្បៀងអាហារ មកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន៧៨០គ្រួសារ មកពីឃុំជីរោទ៍ទី១ និងឃ្មុំទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងសល់២២០សម្រាប់ទៀត ផ្តល់ជូនកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋរងគ្រោះជាបន្តទៀត។

លោក តាំង លក្ខហោ ប្រធានសមាគមពាណិជ្ជកម្មចិន ឆោសាននៅកម្ពុជា បានអោយដឹងថា ដោយមើលឃើញ ពីការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក៍ដូចជាឆ្លើយតបនៅតម្រូវដែលកំពុងខ្វះខាតនោះ ទើបសមាគមនបានសម្រេចនាំយកអំណោយ មកចែកជូនប្រជាពលរដ្ឋខ្មែរដែលកំពុងត្រូវការជាចាំបាច់នាពេលនេះ ក្នុងនាមប្រទេសជាមិត្ត ។

លោកបញ្ជាក់ថា ស្បៀងអាហារដែលចែកជូននាពេលនេះ រួមមាន អង្ករ៥០គីឡូក្រាម, ប្រេងឆា ១គីឡូក្រាម, ទឹកត្រី១ដប, ទឹកស៊ីអ៊ីវ១ដប និងអំពូលភ្លឿងចំនួន២ផងដែរ។ ថ្លែងនាឳកាសនោះ ឯកឧត្តម លី ឡេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ដែលលោកតែងតែគិតគូរសុខទុក្ខរបស់ពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ អោយតែពលរដ្ឋកម្ពុជា។

ឯកឧត្តម លី ឡេង បានថ្លែងអំណរគុណ ដល់សមាគមចិន ឆាងសាន នៅកម្ពុជា ដែលសហការជាមួយសាខាកាកបាទក្រហមខេត្ត នាំយកអំណោយមកចែកជូនពលរដ្ឋនាពេលនេះ។ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម លី ឡេង ក៍បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អ ផឹកទឹកឆ្អិន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងក្រោយទឹកស្រកទៅវិញ សម្អាតបរិស្ថានជុំវិញផ្ទះ ឲ្យមានអនាម័យក្នុងការរស់នៅ ពិសេសខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាព គ្រួសារឲ្យបានប្រសើរឡើង៕