បណ្តាញសង្គម

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តព្រៃកំពែង

ព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៣ ខែ តុលា ឆ្នាំ២០១៨ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិករដ្ឋសភា ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេន៩ នៅវត្តព្រៃកំពែង ស្ថិតនៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាស អញ្ជើញចូលរួមពិធីកាន់បិណ្ឌនេះឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា រដូវ ភ្ជុំបិណ្ឌ ជាប្រពៃណីជាតិខ្មែរ ដែលប្រជា ពលរដ្ឋកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទីសកុសលជូនជីដូនជីតាដែលបានចែកឋានទៅ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមមានប្រសាសន៍ផងដែរថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅបរិស័ទឱ្យចេះស្រឡាញ់គ្នា ប្រព្រឹត្តតែអំពើល្អនិងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។ ក្នុងឪកាសនោះឯកឧត្តម និងលោកជំទាវក៏បាននាំយកបច្ច័យចំនួន រួមជាមួយទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខប្រគេនដល់ព្រះសង្ឃ រាប់បាត បង្សុកូល ឧទ្ទិសផល្លាអានិសង្ឃ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវិញ្ញាណក្ខន្ធឥស្សរជន វីរៈយុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ៕