បណ្តាញសង្គម

កសិករដាំត្រសក់ស្រូវរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពឱ្យបានប្រសើរឡើង ខេត្តត្បូងឃ្មុំ

     កសិករដាំត្រសក់ស្រូវរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាព ឱ្យបានប្រសើរឡើង ខេត្តត្បូងឃ្មុំ៖ រដូវវស្សាបានឈាន ជើងចេញផុត បន្ទាប់រដូវប្រាំងចាប់បន្តវេន កសិករចំនួន៣ភូមិ ចាប់ដាំដំណាំរួមផ្សំ ជាច្រើនមុខពិសេសគឺ ត្រសក់ស្រូវ ព្រោះវាងាយដាំ ឆាប់ឱ្យផល អាចជួយលើកស្ទួយ ជីវភាពរបស់កសិករ អោយកាន់តែប្រសេីរឡេីង បន្ថែមទៀតពី១ឆ្នាំ ទៅ១ឆ្នាំ ។

កសិករនៅក្នុងភូមិជីរោទិ៍ក្រោម ជីរោទិ៍លើ និងភូមិរការធំ ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សប្បាយចិត្ត ក្នុងការប្រមូល ផលត្រសក់ស្រូវណាស់ ។ ឆ្នាំនេះដំណាំត្រសក់ស្រូវ ឱ្យផលល្អជាងឆ្នាំ ទៅដោយសារ អាកាសធាតុល្អ ( ដីត្រជាក់ទឹកលិចយូរ ) ហេីយតម្លៃក៏ថេរ ដូចឆ្នាំទៅដែរ ស្រួលលក់អោយតែមាន គឺម៉ូយចូលទិញ ដល់ចំការតែម្តង ។

  លោក សុំ ឈីន ជាកសិករនៅ ភូមិ ឃុំ ខាងលើបានអោយដឹងថា លោក ងាកមកដាំត្រសក់ស្រូវនេះ ២ឆ្នាំមកហើយ ដោយឃេីញថា ត្រសក់ស្រូវមាន ហាងឆេងជាងដំណាំដទៃទៀត ។ ត្រសក់ស្រូវ ពេលសំបូរខ្លាំង ដូចពេលនេះ មានតម្លៃ ៧០០រៀល ក្នុង១គីឡូក្រាម តែបើមិនសូវសំបូរ អាចថ្លៃរហូតដល់ ១២០០រៀលឯណោះ ។ ក្នុងផ្ទៃដីទំហំ ៤០អា ចំណាយថវិកាអស់ ៧០ម៉ឺន ប្រមូលផលបានជិត ៣លានរៀល ដែរ ក្នុងមួយលើក ។ ត្រសក់ងាយលក់ ពោលគឺមានម៉ូយ មកទទួលទិញ ដល់ចំការតែម្តង ដោយគ្រាន់តែច្រកថង់ ក្នុង១ថង់ ១០គីឡូក្រាម ម៉ូយគេមកថ្លឹងយកតែម្តង ហើយម៉ូយដឹកយក ទៅលក់នៅផ្សារសួង ក្នុងខេត្តត្បូងឃ្មុំ និងផ្សារ ខេត្តកំពង់ចាម និងយកទៅលក់ នៅរាជធានីភ្នំពេញផងដែរ ។

លោក សុំ ឈីន បន្តថា ដើម្បីទទួលបានទិន្នផល ខ្ពស់ត្រូវការជ្រើសរើសពូជ ណាដែលល្អ ហើយទិញគ្រាប់ពូជ មកពីផ្សារ ។ មុនដាំត្រូវភ្ជួរដី ២ ទៅ ៣ ដងហាលដីចោល អោយស្ងួតទើបរាស់ ឱ្យស្អាត ទើបដាក់ដាំគ្រាប់ ដែលមានជីលាមក គោទ្រាប់បាតស្រេច ពេលវាដុះ ត្រូវថែទាំ ស្រោចទឹក ជ្រុំគល់ ដកស្មៅ ថែទាំងបានល្អ រយៈពេលពី ១ខែកន្លះ អាចប្រមូលផលបាន រហូតដល់៣ខែ ទើបអស់ ។ ត្រសក់ស្រូវ អាចដាំបាន ២ដងក្នុងមួយរដូវកាល ។ លោក តឹក លាង មេឃុំជីរោទិ៍១ បានបញ្ជាក់ឱ្យដឹងថា ក្រៅពីធ្វេី ស្រែ ចំការ និងនេសាទត្រី ជាលក្ខណៈគ្រួសារ កសិករនិយមដាំដំណាំ រួមផ្សំមាន៖ ម្ទេស ត្រប់ ប៉េងប៉ោះ សណ្តែកគួរ សណ្តែកដី ស្ពៃក្ងោក ខាត់ណា ស្ពៃចង្កឹះ ត្រឡាច ឃ្លោក ល្ពៅ ននោង ម្រះ និង ត្រសក់ស្រូវ នេះតែម្តង ដើម្បីជួយជីវភាព ឱ្យប្រសើរឡើង ។

ប្រជាកសិករ ដែលដាំត្រសក់ស្រូវមាន ទាំងចំនួន៣ភូមិ មានភូមិជីរោទិ៍ក្រោម ជីរោទិ៍លើ និងភូមិរការធំ ចំនួន ៤៥០គ្រួសារ ហើយក្នុងនោះ មានប្រជាកសិករ ប្រមាណជា ជិត៣០០គ្រួសារ បានដាំត្រសក់ស្រូវ លើផ្ទៃដី ជាង៣០០ហិចតា នៅឆ្នាំ២០១៨ នេះ ។ ត្រសក់គាត់ផលិតបាន ប្រកបដោយ គុណភាពល្អ គឺធម្មជាតិពិតៗ គ្មានជាតិគីមីទេ បច្ចុប្បន្ន ជីវភាពពួកគាត់រីកចំរើន ប្រសេីរជាងមុនទ្វេដង ។












ដកស្រង់ចេញពី  សាន វិឡែម