បណ្តាញសង្គម

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី បញ្ចុះបឋមសិលា សាងសង់ អនុវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន លាជលើ ស្រុកមេមត់

ត្បូងឃ្មុំ៖ អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន លាជលើ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធ ពិធីបញ្ចុះបឋមសិលា សាងសង់ហើយ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៤ និងមានការអញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

តាមរបាយការណ៍ សាងសង់ របស់លោក ចេង ប៊ុណ្ណារ៉ា អភិបាល នៃគណៈអភិបាល ស្រុកមេមត់ បានឱ្យដឹងថា កាលពី១០ ទៅ១៥ ឆ្នាំមុនវិស័យអប់រំ នៅស្រុកមេមត់ ពិតជាមាន ការលំបាកខ្លាំងណាស់ ព្រោះយើង ពុំមានផ្លូវ សាលាល្អ នៅជិតផ្ទះ របស់ប្រជាពលរដ្ឋ ដែលបង្កការលំបាក ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក្នុងការរៀន និងការបង្រៀន។

ប៉ុន្តែក្នុងរយៈកាល ចុងក្រោយនេះ ក្រោមការយកចិត្តដាក់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជាចំពោះវិស័យអប់រំ និងបណ្តុះបណ្តាល ធនធានមនុស្ស នៅកម្ពុជា រាជរដ្ឋាភិបាលបាន កសាងសាលារៀន ជាច្រើនខ្នង ដើម្បីបង្ខិតសេវាអប់រំ អោយខិតជិត និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ជាក់ស្តែងអំណោយ ដ៍ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន កសាងជូន ប្រជាពលរដ្ឋនៅ ក្នុងស្រុកមេមត់ មានចំនួន៨៤ ខ្នងដើម្បីបម្រើ វិស័យអប់រំដល់ក្មួយៗ សិស្សានុសិស្ស នៅទូទាំងស្រុក ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ គ្រប់វិស័យ ធ្វើឱ្យ ប្រជាពលរដ្ឋខ្មែរ រស់នៅក្នុង សុខដុមរមនា ក្នុងរយៈពេល ជាងមួយ ទស្សវត្សនេះ។ ឯកឧត្តម បានបញ្ជាក់ថា ទាំងថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា មិនដែលសន្យាចោលទេ គឺហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ មិនដូច អ្នកនយោបាយខ្លះ ដើរតែសន្យា និងបោកប្រាស ប្រជាពលរដ្ឋ ។

ជាក់ស្តែងប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បាននឹងកំពុងធ្វើ កំណែទំរង់លើគ្រប់វិស័យ និងបន្តកសាងហេដ្ឋា រចនាសម្ព័ន្ធ នៅគ្រប់ ទីកន្លែង បើទោះបីជាមាន អ្នកបាយខ្លះ បាននឹងកំពុង បង្កភាពអសកម្ម មួយចំនួន នៅក្នុងសង្គមក៍ដោយ។ ហើយនាពេលបច្ចុប្បន្នៗ នេះប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងគិតគូរពី សុខទុក្ខ និងយកចិត្តទុកដាក់ ដោះស្រាយ ចំពោះពលករខ្មែរ ទាំងផ្នែកការទូត និងតាមរយៈការផ្តល់សេវាកម្ម បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងផ្តល់ឱកាស ការងារជូនពលករ ដែលជាកូនចៅ របស់ប្រជាពលរដ្ឋ ដែលទាំងអស់នេះ បានបង្ហាញ ពីការរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន។ នេះគឺជាវប្បធម៌ របស់គណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោល ប្រជាជនម្តងណាឡើយ។

តមក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងារ បានបញ្ចុះបឋមសិលា សាងសង់ អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន លាជលើ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីផ្តល់សេវាអប់រំដល់ កូនចៅប្រជាពលរដ្ឋ នៅតំបន់នេះ ចាប់ពីពេល នេះតទៅ។

ប្រភព៖ គេហទំព័រ ដើមអម្ពិល