បណ្តាញសង្គម

សម្តេច ហេង សំរិន ឯកឧត្តម វង សូត និងសប្បុរសជន បន្ថែមបច្ច័យជាង ១ម៉ឺនដុល្លារ បង្ហើយការសាងសង់ វត្តឧត្តមសាមគ្គី

ត្បូងឃ្មុំ៖ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ និងលើកកម្ពស់ មុខមាត់ខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី ដោយកាត់ចេញពី ខេត្តកំពង់ចាមនោះ សម្តេច អគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ និង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមការងារ បានចុះស្ថាបនា និងសាងសង់នូវ ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ជាច្រើន បម្រើប្រយោជន៍ជូន ប្រជាពលរដ្ឋ ទាំងវីស័យអាណាចក្រ និង ពុទ្ធចក្រ។

ឈរលើស្មារតី អភិវឌ្ឍន៍ជាតិ ដើម្បីជាតិ និងពលរដ្ឋខ្មែរ សម្តេច ហេង សំរិន និង ឯកឧត្តម វង សូត រួមទាំងក្រុមការងារ បានមូលមតិ រៃអង្គាសបច្ច័យគ្នា បានប្រមាណ ១,៣ម៉ឺនដុល្លារ បន្ថែមទៀត ដើម្បីបង្ហើយ ការសាងសង់ ព្រះវិហារ វត្តឧត្តមសាមគ្គី ត្រាចខោល ហៅវត្តត្រាចខោល ស្ថិតក្នុង ភូមិត្រាចខោល ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីការសាងសង់ ត្រូវបានពន្យារ មួយរយៈពេលមក ព្រោះតែការខ្វះខាតថវិកានោះ។

ការប្រកាស ឧបត្ថម្ភបច្ច័យជាង ១ម៉ឹនដុល្លារ ដើម្បីសាងសង់ ព្រះវិហារវត្ត ក្នុងទីជនបទ ដាច់ស្រយាលបម្រើ និង ពង្រីកវិស័យ ព្រះពុទ្ធសាសនា បានធ្វើឡើងគ្រា ដែលឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងភរិយា បានអញ្ជើញ ជាអធិបតី ក្នុងពិធីលើកជវា ព្រះវិហារខាងលើ កាលពីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤។

បន្ទាប់ពីពិធីសូត្រមន្ត វេរប្រគេនទ័យទាន ប្រគេនព្រះសង្ឃ ក្រុងពាលី សែនព្រេន ម្ចាស់ទឹកម្ចាស់ដី រួចមក ឯកឧត្តម វង  សូត និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញប្រារព្ធ ពិធីលើកជវាព្រះវិហារ ជានិមិត្តរូប ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ប្រកបដោយ ភាពសប្បាយរីករាយផងដែរ។

លោក ហែម យែត ក្រុមប្រឹក្សាឃុំត្រពាំងផ្លុង បានឲ្យដឹងថា ព្រះវិហារ វត្តឧត្តមសាមគ្គី ត្រាចខោល ហៅវត្ត ត្រាចខោល បានចាប់ផ្តើម សាងសង់តាំងពីឆ្នាំ ២០០៧ ដោយមានទំហំ ១៨ម៉ែត្រ គុណ ២៥ម៉ែត្រ ក្រោមការជួយ ឧបត្ថម្ភ ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទ ជិតឆ្ងាយ បានចូលរួមកសាង រហូតបច្ចុប្បន្ន ដោយចំណាយ ថវិកាសរុបជាង ៣០០ លានរៀល និងប្រាក់ដុល្លារសរុប ១៧.០៤៣ដុល្លារ ប៉ុន្តែនៅពុំទាន់ សម្រេចបានលទ្ធផល ទាំងស្រុងនៅឡើយទេ ដោយនៅខ្វះខាតបច្ច័យ និងសម្ភារៈសំណង់ សម្រាប់សាងសង់ សរុបថវិកា មានចំនួន ៦០លាន ៩០ម៉ឺនរៀល និង ប្រាក់ដុល្លារចំនួន ៤.១៦២ដុល្លារ។

មានមតិ សំណេះសំណាល នាឱកាសនោះ ឯកឧត្តម វង សូត បានថ្លែងទៅកាន់ ប្រជាពលរដ្ឋថា សម្តេច ប្រមុខដឹកនាំ  គណបក្ស ប្រជាជនកម្ពុជា សម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាពិសេស សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលជានិច្ចកាល តែងគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅ របស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត អ្វីៗត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង គ្មានវត្ត អារាម គ្មានហេដ្ឋារចនាសម្ព័ន្ធ គ្មានសិទ្ធិសេរីភាព។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំ របស់ថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ប្រទេសជាតិ មានភាពរីកចម្រើន ប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាជនរស់នៅ ក្នុងភាពសុខក្សេមក្សាន្ត ក្នុងនោះវិស័យ ព្រះពុទ្ធសាសនា ក៏រីកច្រើនគួរឲ្យ កត់សម្គាល់ផងដែរ  ។

ឯកឧត្តម វង សូត បានគូសបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងអស់ ដែលកម្ពុជាទទួលបាន គឺកើតចេញពី ស្មារតីយក ចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការកសាងនេះ គឺពិតជាបានចូលរួម លើកកម្ពស់វិស័យ ព្រះពុទ្ធសាសនា និងចូលរួមចំណែកអភិវឌ្ឍន៍ សង្គមជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត៕