បណ្តាញសង្គម

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ទីលានបាល់ទាត់ថ្មី នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៨ និង៣០នាទី នៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីកាត់ខ្សែបូសម្ពោធ ទីលានបាល់ទាត់ របស់ក្រុមយុវជនតេជោ ឃុំទ្រា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ លោក ឡា ឡៃ តំណាង នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ បាល់ទាត់ជាតិកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋខែ្មរ ឥស្លាម ជាច្រើនរូបផងដែរ ។

លោក ឡា ឡៃ មានប្រសាសន៍ថា ក្នុងនាមលោក តំណាងឲ្យ ប្រជាពលរដ្ឋខែ្មរឥស្លាម សូមគោរព និងដឹង គុណសម្តេច គ្រប់ពេលវេលា ដោយលោក ចំាមិនភ្លេចទេ កាលពីសម័យខ្មែរក្រហម អ្នកដែលកាន់ សាសនាឥស្លាម ត្រូវពួកវាវាយ ធ្វើបាបគ្រប់បែបយ៉ាង និងបំបិទសិទ្ធ ការគោរពសាសនា ។ តំាងពីឆ្នាំ ១៩៧៩ ក្រោយថ្ងៃរំដោះ ៧ មករា សម្តេចប្រមុខទាំងបី ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានដឹក នាំវាយផ្តួលរំលំរបប ប៉ុលពត និង រំដោះជាតិមាតុភូមិ ដែលបានរំដោះទំាងខ្មែរ ទំាងឥស្លាម រំដោះទំាង សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាដទៃទៀត ។

នាពេលបច្ចុប្បន្ននេះ យើងឃើញហើយ យើងមានសន្តិភាព មានសេរីភាពគ្រប់ៗគ្នា និងការអភិវឌ្ឍន៍ ទាំងផ្នែកអាណាចក្រ ពុទ្ធចក្រ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរ ឥស្លាម និងប្រជាពលរដ្ឋខែ្មរ ត្រូវចេះគោរព និងស្រលាញ់គ្នា ទៅវិញទៅមក និង ត្រូវរស់នៅក្នុងសន្តិភាព ។

ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាគឺ បាននំាមកនូវ សុខភាព មិត្តភាព សាមគ្គីភាព និងការ ទំនាក់ទំនង រវាងប្រទេសមួយ ទៅប្រទេសមួយ តំបន់មួយទៅតំបន់មួយ ឲ្យកាន់តែស្គាល់ច្បាស់ ពីវប្បធម៌ អរិយធម៌ រវាងប្រទេសនីមួយៗ ហើយឯកឧត្តម ក៏បានអំពាវនាវ ដល់បណ្តាយុវជន យុវវ័យ ទំាងអស់ងាក មកនាំគ្នាលេងកីឡា ឲ្យបានគ្រប់ៗគ្នា ជៀសវាងនូវ អំពើឧបាយមុខផ្សេងៗ និងបង្កអស្ថិរភាពសង្គម។ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ពេញផ្ទៃ ប្រទេស មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ទាំងខាងអាណាចក្រ និងខាងពុទ្ធចក្រ និងធ្វើឱ្យយុវជន មាន ឱកាសជាច្រើន ក្នុងការអភិវឌ្ឍន៍ ខ្លួនឯង គ្រួសារ និងសង្គម ។ ដូច្នេះយុវជន ត្រូវចេះបែងចែក ពេលវេលា ឲ្យបានច្បាស់លាស់ ក្នុងការសិក្សា ការលេងកីឡា និងសកម្មភាពបប្រចាំថ្ងៃ របស់ខ្លួនឱ្យបានសមស្រប។

ឯកឧត្តម ក៏បានបំពាក់ គ្រឿងឥស្សរយស ជូនដល់តំណាង សប្បុរសជនប្រគល់អាវ ៤ ឈុត និង បាល់ចំនួន២០ដល់ ក្រុមបាល់ទាត់យុវជន សម្តេចតេជោឃុំទ្រា និងថវិកាមួយក្រុម ៥០ ម៉ឺនរៀល និងប្រគល់គម្ពីរ គួរអានចំនួន ៦០០ជូនដល់ អ៊ីមុំាម៉ាស្ជិត ភូមិទ្រា អង្ករមួយតោន ដល់សាលាមូស្លីមភូមិទ្រា ។ មានការ ប្រកួតមិត្តភាព រវាងក្រុមចំការកៅស៊ូបឹងកេត និងក្រុមកីឡាករ គីរីវង្សសុខសែនជ័យ ដោយក្រុម ដែលឈ្នះទទួលបានរង្វាន់ ជាទឹកប្រាក់ ១០ លានរៀល និងអ្នកដែលចាញ់ទទួលបាន ៥លានរៀល ដែលជា អំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត ៕