បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តលើកទី១

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តលើកទី១ និងបានចាត់ទុកអ្នកសារព័ត៌មានជាភ្នែកជាច្រមុះ ភ្នែកទិព្វត្រចៀកទិព្វ ឆ្លុះបញ្ចាំងទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន ដែលរដ្ឋបាលខេត្តត្រូវការចាំបាច់បំផុត


(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនកិច្ចសហការស្និទ្ធស្នាល និងយល់ចិត្តគ្នា រវាងរដ្ឋបាលខេត្ត និងវិស័យព័ត៌មានក្នុងខេត្ត នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្ដត្បូងឃ្មុំ បានធ្វើពិធីសំណេះសំណាលជាមួយអ្នកសារព័ត៍មានខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ។
ក្នុងនោះមានការចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលនិងនាយកទីចាត់ការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៍មានក្នុងខេត្តសរុបប្រមាណជាង១០០នាក់ ក្រោមការរៀបចំដោយមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ក្នុងទឹកដីខេត្តត្បូងឃ្មុំ គឺច្រើនណាស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន តែកន្លងមកវិសាលភាពក្នុងការផ្សព្វផ្សាយនៅមានកម្រិត ទើបនាថ្ងៃនេះ បានរៀបចំអោយមានការជួបជុំសំណេះសំណាល ជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ដនេះឡើង ដើម្បីកាន់តែយល់ចិត្តគ្នា បង្កើនការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយទៅគ្រប់មជ្ឍដ្ឋាន ដោយកាលពីពេលថ្មីៗនេះ ក៍មានការជួបជុំរវាងសម្តេចតេជោ និងអ្នកសារព័ត៌មានទូទាំងប្រទេសប្រមាណ៥ពាន់ផងដែរ។
ក្នុងឪកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ការជួបជុំសំណេះសំណាលនាថ្ងៃនេះ ជាលើកទី១ ហើយក៍មិនមែនចុងបញ្ចប់នោះដែរ គឺឯកឧត្តម នឹងបង្កើតកម្មវិធីជួបជុំ រវាងអ្នកសារព័ត៌មានក្នុងខេត្ដ ជាមួយអភិបាលខេត្ដ យ៉ាងតិចបីខែ រឺក៏មួយឆមាស អោយបានម្ដង។
ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍គូសបញ្ជាក់ថា អ្នកសារព័ត៌មានជាអំណាចទី៤ សំខាន់ណាស់ជាភ្នែកជាច្រមុះភ្នែកទិព្វត្រចៀកទិព្វ អាចឆ្លុះបញ្ចាំងបាននូវទិដ្ឋភាពជាក់ស្តែងក្នុងការអភិវឌ្ឍន៍ រឺក៍បញ្ហាអវិជ្ជមាននានា ដែលបានកើតឡើងក្នុងរដ្ឋបាលខេត្តទាំងមូល ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា លោកនឹងទទួលយករាល់ការផ្សព្វផ្សាយទាំងចំណុចវិជ្ជមាន នឹងអវិជ្ជមាន ហើយឯកឧត្តមសំណូមពរ បងប្អូនអ្នកសារព័ត៌មាន មុននឹងចុះផ្សាយពីបញ្ហាអសកម្មណាមួយ ដែលមន្ត្រីក្រោមឱវាទ ធ្វើទៅនៅមានចន្លោះខ្វះខាតបន្តិចបន្តូច រឺក៍មន្ត្រីខិលខូចមួយក្តាប់តូច បានប្រព្រឹត្តិនោះ លោក ក៍បានចាត់ការតម្រឹមចោលផងដែរ ដោយស្របតាមអភិក្រមសម្តេចតេជោទាំង៥ និងបាវចនា២ទៀត គឺពឹងពាក់បងប្អូនសារព័ត៌មាននេះហើយ ជាអ្នកនាំសារ ដើម្បីតម្រង់ទិស។
ក្នុងនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ បានស្នើរឲ្យបងប្អូនអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយពីការអភិវឌ្ឍន៍ ក្នុងខេត្ដត្បូងឃ្មុំ ក៍ដូចជានៅក្នុងប្រទេសយើង ពិសេសនាំគ្នាតបតវិញរាល់ព័ត៌មានញុះញង់ ធ្វើអោយប៉ះពាល់ដល់ ប្រមុខរាជរដ្ឋាភិបាល នឹងសុខសន្តិភាព ការអភិវឌ្ឍន៍ ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមបណ្ឌិត បញ្ជាក់យ៉ាងដូច្នេះថា មានជនមួយក្តាប់តូច នៅក្រៅសង្គមតែងតែបំពុលគ្រប់ការផ្សព្វផ្សាយ ក្នុងនាមបងប្អូនជាអ្នកសារព័ត៌មាន ត្រូវហ៊ានសរសេរឆ្លើយតប វាយបកបុគ្គលនោះ រឺសារព័ត៌មាននោះ ដែលបំផ្លើសបំភ្លៃការពិត ញុះញ៉ុងចង់អោយប្រទេសខ្មែរយើងបែកបាក់ នេះជាកត្តាចាំបាច់បំផុត។
ក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិត ក៍បានចែកថវិការកំដដៃម្នាក់៥ម៉ឺនរៀល និងពិសារអាហារសាមគ្គីជុំគ្នា ប្រកបទៅដោយភាពស្និទ្ធស្នាលផងដែរ។

បើតាម លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្ត ជាសេនាធិការផ្នែកព័ត៌មានអោយរដ្ឋបាលខេត្ត ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ហើយជាស្ពានចម្លងមួយដើម្បីពាំនាំគោលនយោបាយ របស់រាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយអោយទូលំទូលាយជូនដល់ប្រជាពលរដ្ឋ និងពាំនាំរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ អោយរាជរដ្ឋាភិបាលដើម្បីរកដំណោះស្រាយជូនពួកគាត់។
ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តត្បូងឃ្មុំ មានវិទ្យុ០៧ស្ថានីយ ទូរទស្សន៍ផ្សាយបន្ត០១ស្ថានីយ ទូរទស្សន៍ខ្សែកាប ០៣ស្ថានីយ ទីស្នាក់ការអង្គភាពសារព័ត៌មាន ចំនួន១១ និងភ្នាក់ងារសារព័ត៌មានប្រចាំខេត្តចំនួន ២៤អង្គភាព។ និយាយដោយឡែកមន្ទីរព័ត៌មាន មានស្ថានីយវិទ្យុជាតិ០១ ផ្សាយ១៨ម៉ោងក្នុង១ថ្ងៃ ទូរទស្សន៍អនឡាញផ្សាយ ៨ម៉ោងក្នុង១ថ្ងៃ ទូរទស្សន៍ខ្សែកាបDigital ផ្សាយ២៤ម៉ោង គេហទំព័របញ្ចូលព័ត៌មានជាប្រចាំ ។ ក្នុងឆ្នាំ២០១៨ ទូរទស្សន៍ផ្សព្វផ្សាយបាន ៤៥៨អត្ថបទ ទទក ២៩៥អត្ថបទ ទូរទស្សន៍ឯកជន ១៦៣អត្ថបទ វិទ្យុផ្សព្វផ្សាយបាន ១៤.៨៤០អត្ថបទ ផ្សាយផ្ទាល់ប្រសាសន៍សម្តច ៧១លើក ព័ត៌មានក្នុងខេត្ត ៤៥៨អត្ថបទ ព័ត៌មានជាតិ អន្តរជាតិ ១៤.៣១១អត្ថបទផងដែរ៕




























កែសម្រួលអត្ថបទដោយលោកវ៉ាន វីរៈនិងរូប