បណ្តាញសង្គម

ពិធីសំណេះសំណាល ជាមួយ និវត្ដជន អតីតយុទ្ធជន ជនក្រីក្រ និងពលករ វិលត្រឡប់ពីប្រទេសថៃ

ត្បូងឃ្មុំ៖ ប្រទេសជាតិ បានសុខសន្តិភាព បញ្ចប់ចម្បាំងផ្ទៃក្នុង ជាតិបានដោយជោគជ័យ ដោយសារនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំ ធ្វើអោយកងកំលាំង ប្រដាប់អាវុធ និងអតីតយុទ្ធជន គ្រប់ភាគីទាំងអស់ ធ្វើសមាហរណកម្ម ទៅក្នុង កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ និងជាអតីតយុទ្ធជនជាតិតែមួយ។

នេះ គឺជាការលើកឡើងរបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្ដី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជនកម្ពុជា នៅក្នុងការប្រារព្ធ ពិធីសំណេះសំណាល បងប្អូនពលករខ្មែរ ដែលទើបត្រឡប់ ពីប្រទេសថៃ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នៅបរិវេណ សាលាខេត្តត្បូងឃ្មុំ ដែលមានការចូលរួម ពីមន្រ្តីរាជការ អតីតជន អ្នកមាស្នាដៃប្រមាណ ៣០០នាក់ អតីតយុទ្ធជន ប្រមាណជិត១៥០នាក់ ពលករខ្មែរដែល ទើបត្រឡប់ពីប្រទេសថៃ មានចំនួនប្រមាណជាង ២៥០នាក់ ។

លោក អ៊ុន លំអង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តត្បូងឃ្មុំ បានរាយការណ៍ អោយដឹងថា៖ អតីតមន្រី្ដរាជការស៊ីវិល សរុបមានចំនួន១.៧១៥នាក់ អតីតយុទ្ធជន សរុបចំនួន ១៦៦០នាក់ និងពលករ វិលត្រឡប់មកពី ប្រទេសថៃ មានចំនួនសរុប ៦.៨៨៦នាក់ បើគិតមកដល់ថ្ងៃទី២៦ ខែនេះ។

ឯកឧត្តម វង សូត បានលើកឡើងថា៖ ខួបលើកទី៧ ទិវាអតីតយុទ្ធជនកម្ពុជា ២៧មិថុនា ២០១៤ ដែលបានធ្វើឡើង នៅពេលនេះ ដើម្បីរំលឹក ដល់គំរូវីរៈភាព ដ៍អង់អាចក្លាហាន និងគុណបំណាច់ ធំធេងរបស់វីរៈជន យុទ្ធនារី នៃកងកំលាំងប្រដាប់អាវុធ គ្រប់រូប ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុ ជាតិមាតុភូមិ។ សមិទ្ធផល កិច្ចការការពារ បូរណភាពទឹកដី សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ សំរេចបានរហូតដល់ពេលនេះ ពិតជាពុំអាច កាត់ផ្តាច់បាន ពីពលិកម្មប្រកប ដោយស្មារតីស្នេហាជាតិ របស់វីរៈអតីតៈយុទ្ធជន វីរៈអតីតយុទ្ធនារី នៅគ្រប់ដំណាក់កាលរបស់កម្ពុជា។

ឯកឧត្តម វង សូត បានផ្តាំផ្ញើដល់ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំប្រតិភូ ចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន យុទ្ធនារី នៅតាមអង្គភាព និងកំពុងសំរាកព្យាបាល នៅតាមមន្ទីរពេទ្យ ជាពិសេស ចំពោះយុទ្ធជនពិការ ដែលកំពុង មានជីវភាពខ្វះខាត។ ក្នុងនោះដែរត្រូវ បន្តការអនុវត្តន៍ គោលនយោបាយ ស្តីពីការផ្តល់ដីសម្បទាន សង្គមកិច្ច ជូនអតីតយុទ្ធជន និងគ្រួសារពិការ។

នៅចុងកម្មវិធីនេះដែរ ឯកឧត្តម វង សូត បានផ្តល់អំណោយ ដល់អតីតៈយុទ្ធជន និវត្ដជន និងពលករខ្មែរ សរុបចំនួនប្រមាណ ៧០០នាក់ និង មេឃុំទូទាំង ខេត្តត្បូងឃ្មុំ ចំនួន៦៤ នាក់ដោយម្នាក់ៗ ទទួលបានកន្ដេល ១ មុង ១ ភួយ១ មីយើង១កេះ ថ្នាំដុះធ្មេញ ១ ច្រាសដុះធ្មេញ១ ស្កស ១កញ្ជប់ តែ ១កញ្ជប់ ទឹកដោះគោ ១ កំប៉ុង ស្បែក ជើង១គូ និង ថវិកាចំនួន ៥០០០០ រៀល ។

នៅក្នុងទិវានេះ បងប្អូនអតីតៈយុទ្ធជនទាំងអស់ នៅក្នុងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅផងដែរ ដល់សម្តេចតេជោ ហ៊ុន សែន ដែលជា ប្រធានសមាគម អតីតៈយុទ្ធជនកម្ពុជា ដែលតែងតែគិតគូរ និងជួយឧបត្ថម្ភ ដល់អតីតៈយុទ្ធជនទាំងអស់ ដោយមិនប្រកាន់ និន្នាការនយោបាយ ដើម្បីរួមចំណែក កាត់បន្ថយ ភាពក្រីក្ររបស់ យុទ្ធជនយុទ្ធនារីយើង៕