បណ្តាញសង្គម

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជម្រុញឲ្យជនជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវកែប្រែខ្លួន ឲ្យក្លាយជាពលរដ្ឋល្អ ពេលចេញទៅវិញ

(ត្បូងឃ្មុំ)៖ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩នេះ បានអញ្ជើញ ចុះសំណេះសំណាល និងសួរសុខទុក្ខជនជាប់ឃុំ នៅពន្ធនាគារ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានទីតាំង ស្ថិតនៅឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជាមួយនឹង ការចុះសួរសុខទុក្ខនេះ លោក បានពាំនាំអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគល់ជូនមន្រ្តី និងជនជាប់ឃុំ ក្នុងពន្ធនាគារផងដែរ  ។

លោក មានប្រសាសន៍ថា សម្តេចនាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ ដល់បងប្អូនគ្រប់ស្រទាប់វណ្ណៈ ទោះបីបងប្អូនដែល កំពុងជាប់ឃុំនេះក្តី ពិសេសអ្នកទោសជាស្ត្រី ដូច្នេះសូមបងប្អូន កែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដែលរស់នៅលើទឹកដីសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ។

លោកបន្តថា ជនជាប់ឃុំ មួយចំនួនធំ គឺពាក់ព័ន្ធនឹងគ្រឿងញៀន ដូច្នេះពេលស្ថិត ក្នុងមណ្ឌលកែប្រែ សូមព្យាមយាផ្តាច់ឲ្យបាន ហើយពេលចេញទៅវិញ ត្រូវជៀសឲ្យឆ្ងាយ ព្រោះគ្រឿងញៀន វាបំផ្លាញខ្លួនយើង គ្រួសារ បងប្អូន និងសង្គមជាតិទាំងមូល ។ ជាមួយនឹង ការលើកឡើងបែបនេះ លោក ក៏បាន វាយតម្លៃខ្ពស់ ចំពោះអ្នកគ្រប់គ្រង ពន្ធនាគារខេត្តទាំង ២នេះ ដែលរៀបចំ ឲ្យមានបណ្ណាល័យ កន្លែងហាត់ប្រាណ ពិសេសការសិក្សា ជំនាញវិជ្ជាជីវៈផ្សេងៗ ដល់ជនជាប់ឃុំទាំងអស់ ដែលជាប្រយោជន៍ ដើម្បីពួកគេមានជំនាញ ពេលចេញទៅវិញ ។

បើតាមរបាយការណ៍ របស់លោក ហ៊ុន ខី ប្រធានពន្ធនាគារ ខេត្តកំពង់ចាម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ ពន្ធនាគារមានជនជាប់ឃុំទាំង ២ខេត្តមានចំនួន ១៨២៥នាក់ ក្នុងនោះមានស្រី ១២៨នាក់ ។ ជាមួយនឹងអ្នកទោសខាងលើ ពន្ធនាគារមាន បណ្ណាល័យ និងអនុញ្ញាតិ ឲ្យខ្ចីសៀវភៅទៅ អានក្នុងបន្ទប់ ឃុំឃាំង ។ មានបង្រៀនអក្ខរកម្ម អប់រំស្តីពីនិតិវិធីជនជាប់ឃុំ បទបញ្ជាផ្ទៃក្នុង កម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា និងការងារសិប្បកម្មផ្សេងៗទៀត ដល់ជនជាប់ឃុំផងដែរ ។

ក្រៅពីនោះ ពន្ធនាគារក៏ បានគិតគូរជាប្រចាំ ដល់សុខភាពជនជាប់ ឃុំទាំងអស់ ដោយធ្វើកិច្ចសហការ ជាមួយពេទ្យអរុណរះ និងពេទ្យលីកាដូ ក្នុងការពិនិត្យសុខភាព ដល់ជនជាប់ឃុំ និងមានការចែក របប អាហាររូបត្ថម្ភផងដែរ ៕