បណ្តាញសង្គម

អាសូរណាស់!! អ្នកបើករថយន្ដបែនម្នាក់ បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ក្រោយការដ្ឋានចិន នៅស្រុកត្បូងឃ្មុំ បំផ្ទុះថ្មផ្លោងត្រូវក្បាល!!

(ត្បូងឃ្មុំ)៖ ការដ្ឋានកិនថ្ម ជនជាតិចិនឈ្មោះ ’’ឆៃណារ៉ូត អ៊ែនប៊្រីតខុមប្រេសិន ’’ មានទីតាំងនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបំផ្ទុះថ្ម ផ្លោងមួយដុំ ចម្ងាយប្រហែល ២៥០ម៉ែត្រ មកធ្លាក់ត្រូវចំក្បាល អ្នកបើករថយន្ដបែនដឹកថ្ម របស់ក្រុមហ៊ុន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ។

ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើង វេលាម៉ោង ០៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចការដ្ឋាន កិនថ្មរបស់ជនជាតិចិនខាងលើ បណ្ដាលបុរសម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង ។

ជនរងគ្រោះ ដល់ថ្នាក់បាត់បង់ជីវិតនេះ មានឈ្មោះ ជុំ រចនា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត បែនដឹកថ្ម ក្រុមហ៊ុនខាងលើ មានទីលំនៅ ភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ជុំវិញករណីនេះ លោកឧត្តម សេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា លោកនឹងបើកការ ស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ និងឈានដល់ការ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ ទីតាំងខាងលើ ដែលមានការធ្វេសប្រហែលបណ្ដាលឲ្យ ប៉ះពាល់ដល់អាយុជីវិត របស់អ្នកដទៃ ។

លោកស្នងការអះអាងថា តាមអ្វីដែលកំណត់ មុនឈានដល់ការបំផ្ទុះថ្ម ម្ចាស់ទីតាំងត្រូវតែមានការជូនដំណឹងដល់ប្រជាពលរដ្ឋ ដូចជាបើកស៊ីរ៉ែន ឬប្រើមេក្រូប្រកាសជាដើម។ បើតាមលោកស្នងការ រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនមនុស្សចំនួន ៨នាក់ ដែលអាចជាប់ពាក់ព័ន្ធ មានទាំងប្រធានរដ្ឋបាល ប្រធានផ្នែក អ្នកបកប្រែ ហើយក្នុងនោះ មានម្នាក់ជាជនជាតិថៃ ដែលជាអ្នកបញ្ជាការបំផ្ទុះ។ ការឃាត់ខ្លួននេះ ក្រោយការឯកភាពពីលោក ប៉ុក តារា ព្រះរាជអាជ្ញារង ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្លាំង នគរបាលជំនាញស្រុក សហការជាមួយជំនាញខេត្ត កំពុងតែបើកការ ស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់លើករណីមួយនេះ ៕