Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ក្នុងពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ សាខាគយ និង រដ្ឋាករ ខេត្តត្បូងឃ្មុំ លោក នូ ស៊ីថា ត្រូវបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចតែងតាំងជា ប្រធានស្តីទី នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ ។

លោក នូ ស៊ីថា ក៏បានធ្វើការប្តេជ្ញាចិត្តថា នឹងខិត្តខំយកចិត្តទុកដាក់ ក្នុងសា្មរតីទទួលខុសត្រូវខ្ពស់ អនុវត្តតួនាទី ភារកិច្ច តាមគោលការណ៍ ច្បាប់ នីតិវិធី និង បទបញ្ញត្តិដែលបានកំណត់ ជាពិសេសទាក់ទងនឹង ការងារប្រមូលពន្ធ ការងាររកប្រាក់ចំណូល ជូនរដ្ឋ និងការងារទប់ស្កាត់ បង្ក្រាបបទល្មើស រត់ពន្ធជាដើម ដោយផ្អែកលើច្បាប់ និងឯកសារគតិយុត្ត ជាធរមាន ។ ក្រៅពីនេះ ការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាមូលដ្ឋានគ្រឹះ ដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឧិវាទ ត្រូវគិតគូរយកចិត្តទុកដាក់ ជាប់ជាប្រចាំ រួមទាំងកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរ អង្គភាព និងសមត្ថកិច្ចមូលដ្ឋានដទៃទៀត ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែង ក្នុងពីធីប្រកាសនោះដែរថា ឆ្លៀតក្នុងឧិកាសនេះផងដែរ ក្នុងនាមរដ្ឋបាល ខ្ញុំសូមសំណូមពរ និងអំពាវនាវយ៉ាងទទូចសុំ ឲ្យកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រដ្ឋបាលគ្រប់កំរិត មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លា និងសកម្មផុលផុស រួមសហការ ជាមួយសាខាគយ និងរដ្ឋាករខេត្ត មន្ត្រីគយ ជាពិសេស ក្នុងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស រត់ពន្ធ ដើម្បីឲ្យការងារប្រមូលពន្ធ និងការរកចំណូលជូនរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។

ក្រៅពី ការធានានូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ទាំងការរស់នៅ និងការប្រកប មុខរបរផ្សេងៗទៀតនោះ សូមអាជ្ញា ក្រុង-ស្រុក ឃុំ-សង្កាត់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាបង្កើន កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមាន ភាពស៊ីជម្រៅ ក្នុងការពិនិត្យតាមដាន សិក្សាស្វែងយល់អំពី ស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋ រិះរកមធ្យោបាយ និងលទ្ធភាព ដើម្បីជាដំណោះស្រាយ សមស្រប ឆ្លើយតប នឹងតម្រូវការចាំបាច់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន និងជាពិសេស រួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យទទួលបាន លទ្ធផលជាផ្លែផ្កា សំដៅទាក់ទាញនូវជំនឿជាក់ និងទំនុកចិត្តពីសំណាក់ ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ។

ជាមួយគ្នានេះ យើងសូមជម្រុញ និងលើកទឹកចិត្ត ដល់បណ្តាមន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក កងកម្លាំងប្រដាប អាវុធគ្រប់ប្រភេទ សូមមេត្តា ពង្រឹងប្រសិទ្ធភាព នៃរបៀបរបបធ្វើការរបស់ខ្លួន និងបំផុសឲ្យមានរបប រាយការណ៍ជាប់ជាប្រចាំ ឲ្យទាន់ហេតុការណ៍ ទាន់ពេលវេលា និងមានភាពប្រាកដប្រជា តាមរយៈរបាយការណ៍ ជាលាយលក្ខណ៍អក្សរ និងតាមរយៈទូរស័ព្ទ សារអេឡិកត្រូនិច្ច SMS ដោយប្រើប្រាស់ WhatsAPP ឬតាមឡាញ (LINE) ជាដើមដើម្បីឲ្យយើងទាំងអស់គ្នា ក្តាប់បាននូវ ព័ត៌មានទាក់ទង នឹងព្រឹតិ្តការណ៍ និងហេតុកាណ៍នានា និងជាមូលដ្ឋានក្នុងការសិក្សា វិភាគ វាយតម្លៃ ស្វែងរកវិធីដោះស្រាយ ឬមានវិធានការចាំបាច់ជាដើម ។

យើងខ្ញុំមានក្តីសង្ឃឹមជឿជាក់ ប្រកបដោយសុទិដ្ឋិនិយម លើស្មារតីទទួលខុសត្រូវ និងការរួមចំណែករបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ហើយយើងខ្ញុំ ត្រៀមខ្លួនជានិច្ច ក្នុងការងារ សម្របសម្រួល និងបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីរួមគ្នាអនុវត្ត គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទីបី របស់រដ្ឋាភិបាលកម្ពុជា ដើម្បីកំណើន ការងារ សច្ចធម៌ និងប្រសិទ្ធភាព ។ សូមឲ្យការបំពេញ ភារកិច្ចរបស់អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃសាខាគយ និងរដ្ឋាករខេត្ត ទទួលបានលទ្ធផលល្អប្រសើរ ស្នាដៃដ៏ត្រចះត្រចង់ និងជោគជ័យគ្រប់ភារកិច្ច ជាឧត្តមប្រយោជន៍ របស់មាតុភូមិ កុំបីអាក់ខានឡើយ ៕

ដោយ៖ សាន វិឡែម