បណ្តាញសង្គម

ប៉ះពាល់សុខភាព! មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យ រកឃើញ និងដកហូត ទំនិញខូចគុណភាពមួយចំនួនធំ ពីផ្សារតំបែរ យកទុកកម្ទេចចោល!!

(ត្បូងឃ្មុំ)៖ ទំនិញហួសកាលបរិច្ឆេទ សំបកប៉ោងកំពិត ខូចគុណភាព នៃការប្រើប្រាស់មួយចំនួនធំ ត្រូវបានមន្ត្រី កាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះពិនិត្យរកឃើញ ធ្វើការដកហូត យកទុកកម្ទេចចោល ។

ប្រតិបត្តិការ រកឃើញទំនិញខូចគុណភាព ជាច្រើនមុខខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី កាំកុងត្រូលខេត្ត សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក តូច សុខន ប្រធានមន្ទីរ បន្តចុះធ្វើការត្រួត ពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញម្ហូបអាហារ ដោយធ្វើការត្រួត ពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ ធ្វើតេស្តបឋម រកសារធាតុគីមីលើ បន្លែត្រីសាច់មួយចំនួន ក្នុងផ្សារតំបែរ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាពិសេសយក គំរូបន្លែត្រីសាច់ ទាំងនោះ បញ្ជូនទៅមន្ទីរពិសោធន៍ អគ្គនាយកដ្ឋាន កាំកុងត្រូលជាបន្ត ដើម្បីត្រួតពិនិត្យ បន្ថែមទៀត ។

លោក មាស មោរ៉ា បានបញ្ជាក់ថា ក្រោមការណែនាំពី អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូល ទាំងអស់ទូទាំងប្រទេស បន្តអនុវត្តតាមផែនការ សកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ចំណីអាហារ និងធានាសុខភាព ជូនប្រជាពលរដ្ឋ ជាអ្នកទទួលទានជាប់ ជាប្រចាំឲ្យដូចភ្លាមរលឹម ។ បន្ទាប់មក មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះទៅត្រួតពិនិត្យ នំចំនីដែលដាក់លក់នៅ សាលាបឋមសិក្សាតំបែរ ដើម្បីសុខភាព កូនៗក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី សម្រាប់សង្គមជាតិ ។

ក្នុងឳកាសនោះ លោក មាស មោរ៉ា រួមទាំងមន្ត្រី កាំកុងត្រូល និងមន្ត្រីពាណិជ្ជកម្មខេត្ត បានអប់រំ ក៏ដូចជាពន្យល់ ណែនាំដល់អាជីវករ មុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភព ឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ ទំនិញដែលមាន គុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទ ច្បាស់លាស់ ជាពិសេសហួសកាល បរិច្ឆេទប្រើប្រាស់ ដែលខុសពី បទបញ្ញតិនៃច្បាប់ ៕