បណ្តាញសង្គម

ចាប់ខ្លួនបុរសម្នាក់ នៅខេត្តត្បូងឃ្មុំ ពីបទបង្ហោះសារប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន និងអ្នកគាំទ្រសម្ដេច

(ត្បូងឃ្មុំ)៖ បុរសម្នាក់ឈ្មោះ ស៊ូ យាន ត្រូវបានកម្លាំង នគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួន នៅផ្ទះរបស់ខ្លួនតែម្ដង ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធជាមួយបណ្ដឹង របស់ប្រជាពលរដ្ឋ ជាច្រើននាក់ ដែលបានប្រើពាក្យ ប្រមាថធ្ងន់ៗ ទៅលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រ សម្ដេចរាប់លាននាក់ តាមរយៈបណ្ដាញសង្គម ។

លោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានប្រាប់ បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះថា ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ច របស់លោកចាប់ខ្លូន នៅក្នុងផ្ទះនេះ ធ្វើឡើងតាមពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋចំនួន ៤-៥ខេត្ត ដោយចោទប្រកាន់ បុរសនេះថា បានប្រើប្រាស់នូវ ពាក្យប្រមាថធ្ងន់ៗទៅ លើសម្ដេចតេជោ ហ៊ុន សែន។

លោក ប៉ាន់ខែម ប៊ុនថន ដែលជាម្ចាស់បណ្ដឹង មួយរូប បានបញ្ជាក់ថា ក្នុងនាមតំណាង ប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រសម្តេច តេជោ ហ៊ុន សែន លោកមិនសុខចិត្ត និងទទួលយក មិនបានឡើយ ចំពោះការប្រមាថ របស់បុគ្គល ស៊ូ យាន ដែលបង្ហាញសារប្រមាថ ញុះញង់បែបនេះ នៅលើបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានអះអាងថា ការចាប់ខ្លួននេះ ក៏ធ្វើឡើងទៅតាមដីកា បញ្ជាឲ្យចាប់ខ្លួនរបស់ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ ផងដែរ ដោយចោទប្រកាន់ពីបទ «ញុះញងឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ តាមរយៈគណនី Facebook ឈ្មោះ Su Yean កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩» ។

លោកឧត្តមសេនីយ៍ ស្នងការបានបន្ថែមថា រហូតមកដល់ពេលនេះ ជនសង្ស័យកំពុង ស្ថិតក្រោមការសួរនាំ របស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការ បន្ដតាមនីតិវិធី ៕