បណ្តាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្ត្រស្រុកពញាក្រែក

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ឡុង ធាម អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតី បើកកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យការងារ តាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្ត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងនោះក៏ មានការអញ្ជើញ ចូលរួមពី អភិបាលស្រុក នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក នាយប៉ុស្តិ៍យោធា ការពារព្រំដែនគោក ឈរជើងក្នុង ភូមិសាស្រ្ត ក្នុងស្រុកពញាក្រែក មេឃុំ សមាជិក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ព្រមទាំងអ្នក ពាក់ព័ន្ធជាច្រើនរូប ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ ធ្វើឡើងក្នុង គោលបំណង់ ដើម្បីត្រួតពិនិត្យការងារ តាមបណ្ដោយព្រំដែន កម្ពុជា វៀតណាម ក្នុងភូមិសាស្រ្ត ស្រុកពញាក្រែក ជាពិសេសពាក់ព័ន្ធ នឹងបញ្ហាដីធ្លី ដែលនៅសេសសល់ បន្ទាប់ពីការសាងសង់ ផ្លូវស្រវាត់ព្រំដែន របស់កងវិស្វកម្ម នៃក្រសួង ការពារជាតិ ដែលមានប្រជាពលរដ្ឋ មួយចំនួនបានទៅ កាប់ទន្ទ្រានដោយខុសច្បាប់ បើទោះជាមាន ការហាមឃាត់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ច នគរបាល និងយោធាការពារ ព្រំដែនរួចហើយ ក៏ដោយ ។

 ឯកឧត្តម បានបន្តថា ៖ វរៈការពារព្រំដែនទាំង២ ត្រូវសហការជាមួយ អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវត្រួតពិនិត្យ និងទប់ស្កាត់ រាល់សកម្មភាព បទល្មើសកាប់ទន្ទ្រាន់ដី និងបទល្មើសនានា ។ ម្យ៉ាងទៀត អាជ្ញាធរ រួមជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារដីធ្លី ជាសម្បត្តិរបស់រដ្ឋ ជៀសវាងកុំឲ្យមាន ការរុករានទន្ទ្រាន់ និងកាន់កាប់ដីធ្លី ដែលសេសសល់ ត្រូវណែនាំ និងផ្សព្វផ្សាយឲ្យ បានទូលំទូលាយ ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឍដ្ឋាន កុំឲ្យប្រព្រឹត្តបទល្មើស ទាក់ទងនឹងការ កាប់ឆ្ការព្រៃ និងត្រូវធ្វើកំណត់ហេតុ និងរាយការណ៍ តាមឋានានុក្រម ដើម្បីស្នើសុំគោលការណ៍ អនុវត្តបន្ត ពីថ្នាក់ដឹកនាំខេត្ត ហើយត្រូវទទួលខុស ត្រូវក្នុងនាមជាអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដីធ្លី ដែលសេសសល់ តាមខ្សែបន្ទាត់ព្រំដែន ឲ្យបានគង់វង្សរហូត ដល់មានការសម្រេច ពីរាជរដ្ឋាភិបាលកម្ពុជា និងត្រូវរាយការណ៍ ឲ្យបានច្បាស់លាស់ និងកំណត់អត្តសញ្ញាណ បុគ្គលដែលបានរុករាន ឈូសឆាយ ទន្ទ្រានដីធ្លី ក្នុងតំបន់ដែលមានទំនាស់ ។

ឯកឧត្តម ឡុង ធាម បានផ្ដាំផ្ញើ ឲ្យដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សាការពារដីធ្លី ជាសម្បត្តិរបស់រដ្ឋ ជៀសវាងកុំឲ្យ មានការរុករានទន្ទ្រាន់ និងកាន់កាប់ដីធ្លី ដែលសេសសល់ បើមិនព្រមបញ្ឍប់ សកម្មភាពទេនោះ ត្រូវកសាងសំណុំរឿង បញ្ចូនទៅតុលាការ ប្រធានទីស្នាកការ ត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងផ្លុង ត្រូវប្រជុំផ្សព្វផ្សាយ ជាមួយនគរបាល អន្តោរប្រវេសន៍ ត្រពាំងផ្លុង និងសមត្ថកិច្ចឈរជើង តាមបណ្តោយព្រំដែន ទាក់ទងនឹងកិច្ច សហការការពារ និងថែរក្សាដីធ្លី ក្នុងដែនសមត្ថកិច្ច គ្រប់គ្រងផងដែរ ៕