បណ្តាញសង្គម

ក្រោយពីសមត្ថកិច្ច ចុះទៅសំរុះសំរួល អំពើហឹង្សាប្តីប្រពន្ធ ក្របួចបានអ្នកចែកចាយ និង ប្រាស់ថ្នាំញៀន ម៉ាទឹកកក ចំនួន៦នាក់

កំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រី ចំនួន៦នាក់ ជាអ្នកជួញដូរចែកចាយ និងប្រើប្រាស់ ថ្នាំញៀន ត្រូវសមត្ថកិច្ច ឡោមព័ទ្ធ ចាប់បាន ទាំងយប់ ខណៈសមត្ថកិច្ចចុះ ទៅសំរុះសំរួលពីករណី អំពើហឹង្សា ប្តីប្រពន្ធមួយគូរ។ ប្រតិបត្តិការ បង្ក្រាបនេះ បានធ្វើឡើងនៅ ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នៅផ្ទះសំណាក់ យីហោ សុដាលីន ស្ថិតក្នុងភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក សំ សិទ្ធី អធិការក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ជនសង្ស័យ ទាំង៦នាក់នោះ រួមមាន ១ ឈ្មោះ មុត ចន្ថា ហៅគ្រើល អាយុ៣០ឆ្នាំ ជាមេជួញដូរ និងចែកចាយថ្នាំញៀន រស់នៅក្នុង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង, ២ ឈ្មោះ ឃឹម ផល្លា ហៅអ៊ូក ភេទស្រី អាយុ៣១ឆ្នាំ, ៣ ឈ្មោះ គល់ សុភា អាយុ២៨ឆ្នាំ, ៤ ឈ្មោះ សៅ សុភារ៉ា អាយុ១៧ឆ្នាំ, ៥ ឈ្មោះ ស៊ុយ ប៊ុនធឿន អាយុ១៧ឆ្នាំ, និងទី៦ ឈ្មោះ ជឿន ស្រីម៉ុម ភេទស្រី អាយុ២៥ឆ្នាំ ហើយអ្នកទាំង៥នាក់ រស់នៅផ្ទះជួល និងផ្ទះពួកគេស្ថិតក្នុង ភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង។

មុនពេលឈានទៅដល់ ការឡោមព័ទ្ធចាប់ខ្លួន ជនសង្ស័យទាំងអស់ខាងលើ សមត្ថកិច្ច ចុះទៅសំរុះសំរួល ករណីអំពើហឹង្សា ប្តីប្រពន្ធ ស្ត្រីឈ្មោះ ឃឹម ផល្លា តែនៅពេលនោះ ប្រភព មួយបានបង្ហើបប្រាប់ សមត្ថកិច្ចថា៖ ឈ្មោះ ឃឹម ផល្លានេះ ជាអ្នកប្រើប្រាស់ ថ្នាំញៀន បន្ទាប់មក សមត្ថកិច្ចក៏បាន ឆែកឆេររកឃើញ ថ្នាំញៀន ២កញ្ចប់តូច ក្នុងកាបូបនាង ក្រោយមក ក៏ឈានទៅរក បក្សពួកគេទាំង ៥នាក់ ខាងលើទៀត។ ក្រោយពីទទួលបាន ព័ត៌មាន ពិតប្រាកដ និងក្តាប់បាននូវ មុខសញ្ញារួចមក លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំ កម្លាំងចំនួន ២៥នាក់ ចុះឡោមព័ទ្ធ និងបង្ក្រាបនៅទីតាំង ផ្ទះសំណាក់ យីហោ សុដានីន ដោយចាប់បាន ជនសង្ស័យ ចំនួន៥នាក់ ព្រមទាំងវត្ថុតាងរួមមាន៖ ថ្នាំញៀនម៉ាទឹកកក ចំនួន២កញ្វប់ធំ និង ២១កញ្ចប់តូច, លុយចំនួន៨ម៉ឺនរៀល, ទូរស័ព្ទដៃ៤គ្រឿង, និងឧបករណ៍សំរាប់ ជក់ថ្នាំញៀន មួយចំនួនថែមទៀត។

នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ សមត្ថកិច្ច នគរបាលក្រុង បានកសាងសំណុំរឿង បញ្ជូនទៅ ការិយាល័យនគរបាល ប្រឆាំងការជួញដូរ គ្រឿងញៀន នៃស្នងការនគរបាលខេត្ត ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំងអស់ បន្តទៅ សាលាដំបូងខេត្ត ចាត់ការតាម នីតិវិធីនិងផ្តន្តាទោស តាមបញ្ញត្តិច្បាប់៕

ដោយ៖ ឈាងវណ្ណៈ