បណ្តាញសង្គម

ប៉ូលិសខកខ្លួនបាក់ក្តោងច្រមុះ ក្នុងតំបន់​ភ្លើង​ពណ៌

រាជធានីភ្នំពេញ ៖ នគរបាល៥នាក់ដែលនាំជនពាក់ព័ន្ធគ្រឿងញៀន ទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួចហើយត្រឡប់មកវិញឃើញជនមួយក្រុមជិះម៉ូតូជែងបែបឌឺ ក៏បានហៅសួរនាំ បែរជាពួកគេលើកគ្នាព្រួតវ៉ៃប៉ូលិសទាំងមានកាំភ្លើងនៅនឹងដៃ បណ្តាលឲ្យរងរបួស២នាក់បាក់ក្តោងច្រមុះម្នាក់ ធ្វើឲ្យប៉ូលិសផ្ទុះអាវុធគំរាមជាច្រើនគ្រាប់ការពារខ្លួន ។

រឿងនេះ កើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ឧសភា នៅតាមបណ្ដោយផ្លូវ២០០៤ ហៅផ្លូវម៉ៃដា តំបន់បណ្តុំភ្លើងពណ៌ដែលទីនោះមានជើងកាងច្រើននាក់ជាមនុស្សកាចកាងហាងខារ៉ាអូខេស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៤នាក់ គឺ១-ឈ្មោះ ផាន ស្រូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅម្តុំលូប្រាំ ២-ឈ្មោះ ផាន ស្រៀង ត្រូវជាបងប្អូន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅម្តុំលូប្រាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ៣-ឈ្មោះ ថូ ហឿន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅក្នុងហាងខារ៉ាអូខេយីហោរុនសោន ៤-ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេខាងលើ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បាននាំជនសង្ស័យគ្រឿងញៀនបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ហើយបានត្រឡប់មកវិញតាមបណ្ដោយផ្លូវ២០០៤នៅម្តុំមានហាងខារ៉ាអូខេជាច្រើនជិតស្តុបវត្តអង្គតាមិញ ។

ពេលមកដល់តំបន់ភ្លើងពណ៌ច្រូងច្រាងនេះស្រាប់តែឃើញជនសង្ស័យមួយក្រុម៣នាក់ ប្រុស២ ស្រី១ជិះម៉ូតូ២គ្រឿងជិះជ្រែតាមផ្លូវ ហើយប៉ូលិសក៏សួរនាំ បែរជាជនទាំងនោះឌឺដងដាក់ នឹងស្រែកហៅបក្សពួកនៅខារ៉ាអូខេម្តុំខាងលើឱ្យមកជួយស្រែកដូចធ្លាប់មានគំនុំនឹងគ្នា ។

បន្ទាប់មកបាននាំគ្នាទាំងក្រុមវាយសមត្ថកិច្ចទាំងមានកាំភ្លើងអាកានៅនឹងដៃបណ្តាលឲ្យប៉ូលិសរបួស២នាក់ ក្នុងនោះបាក់ក្តោងច្រមុះម្នាក់ ព្រមទាំងបានស្រែកចោទប្រកាន់ថា សមត្ថកិច្ចវាយប្រជាពលរដ្ឋ ។ប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលផ្ទុះហិង្សាអស់រយៈពេលប្រហែលជិតមួយម៉ោង ភាគីទាំងសងខាងបានស្ងាត់ការប្រឈមមុខដាក់គ្នា ពេលនោះភាគីទាំងនោះបានស្រែកជាច្រើនដងថា សមត្ថកិច្ចវាយប្រជាជន ដែលតាមពិតទៅគឺប៉ូលិសវាយទប់ទល់ដើម្បីការពារខ្លួន ។

បន្ទាប់មកក្រុមខារ៉ាអូខេរាប់សិបនាក់ បាននាំគ្នាមកបង្កអនាធិបតេយ្យពេញផ្លូវ បណ្តាលឲ្យកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យផ្ទុះអាវុធជាច្រើនគ្រាប់ដេញបំបែកនឹងឃាត់មនុស្សកាច៤នាក់ ដើម្បីយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ។

ព័ត៌មានចុងក្រោយឱ្យដឹងថា ជនស្ទាវទាំង៤នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដោយចោទពីបទប្រើអំពើហិង្សាដោយចេតនា ដែលចៀសមិនរួចពីជាប់គុកឡើយ ។ ប្រភពច្បាស់ការណ៍ឱ្យដឹងទៀតថា នៅរសៀលថ្ងៃទី៣ ឧសភានេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ បានចុះបិទហាងKTV និងហាងមួយទៀតដែលសង្ស័យបង្កហិង្សាវាយតប់ទៅលើកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១បណ្ដាលឲ្យរងរបួស២ ។

ហាងដែលត្រូវចុះបិទនោះរួមមាន អាហារដ្ឋានយីហោ «ម្ហូបខ្មែរស្រីពេជ្រ 999 » និងហាងខារ៉ាអូខេKTV យីហោ«ហ្គោលឌិនសោន»ដែលហាងទាំង២នេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ប៉ុន្តែការចុះបិទនេះមិនបានសម្រេចទេ ដោយសារតែខណៈនោះមានការតវ៉ាយ៉ាងខ្លាំងពីម្ចាស់ហាងទាំង២ខាងលើ ដោយពួកគាត់និយាយថា បើចង់បិទទាល់តែបិទទាំងអស់ទើបយុត្តិធម៌ ។

ព្រោះនៅយប់ថ្ងៃកើតហេតុនោះ មានអ្នកចេញទៅវាយប៉ូលិសគ្រប់ហាង ហើយនៅតាមផ្លូវនោះមិនមែនមានតែហាង២នេះទេ គឺមានរាប់សិបហាងឯណោះ ។ម្ចាស់ហាងនេះចោទទៀតថា ម្យ៉ាងមន្ត្រីនគរបាលទាំង២នាក់ខាងលើក៏កាន់កាំភ្លើងច្រងេងច្រងាងនិងយកខ្នោះវាយទៅលើបុរស២នាក់ ព្រោះតែខឹងជិះម៉ូតូជែងដែរ ។ ដូច្នេះបើចង់បិទតែហាងពួកគាត់២នេះ គឺមិនបានដាច់ខាត ។

ពេលនោះសមត្ថកិច្ចម្រុះក៏បានឲ្យមន្ត្រីនគរបាលរងគ្រោះទៅចង្អុលចំហាងនោះដែរ ប៉ុន្តែដោយសារតែមានការតវ៉ាខ្លាំងក្លាបែបនេះពីម្ចាស់ហាងនោះ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ សម្រេចដកថយវិញរង់ចាំឲ្យនគរបាលស្រាវជ្រាវឲ្យបានច្បាស់សិន ពេលណាច្បាស់លាស់ហើយត្រូវបិទភ្លាមតែម្ដង ។

ដកស្រង់ពី៖កោះសន្តិភាព