បណ្តាញសង្គម

បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្មបណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ

(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងស្រាជោគ បើករថយន្តមិនប្រយ័ត្នជ្រុលបុករះបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យរថយន្ដរងការខូចខាតខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរ រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង២យប់ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោក្រុងភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយ គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកភ្នំពេញ 2Q-1278 ដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ដោយអ្នកបើកបរស្រវឹងស្រាជោគផងនោះ ក៏ជ្រុលចង្កូតទៅស្ដាំបណ្ដាលឲ្យរថយន្ដបុក រះបង្គោលភ្លើងបាក់ខ្ទេចមួយដើម រួចក៏បន្តទៅបុកបង្គោលស្លាកសញ្ញាពាណិជ្ជកម្ម បណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តវិញរងការខូចខាត ខ្ទេចមួយកំណាត់មុខយ៉ាងដំណំតែម្ដង។

ភ្លាមៗនោះគេបានឃើញអ្នកបើកបររថយន្តបង្កខាងលើបានចុះពីលើរថយន្តដោយសភាពស្រវឹង ស្រាឈរលែងនឹង បានរត់ឡើងជិះរថយន្តមួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកធ្វើការចុះមកធ្វើការវាស់វែង ដើម្បី យករថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕

ដកស្រង់ពី៖FRESH NEWS