បណ្តាញសង្គម

ចាប់បានអ្នកលេង ល្បែងអាប៉ោងក្នុងព្រៃ បានចំនួន៥នាក់ និងលុយ៣លានរៀល បញ្ជូនទៅតុលាការ

កំពង់ឆ្នាំង៖ ក្រុមអ្នកលេង អាប៉ោងមួយក្រុម មានគ្នាចំនួន៥នាក់ ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល របស់ស្នងការដ្ឋាន នគរបាលបាលខេត្ត ធ្វើការឡោមពទ្ឋ័ចាប់ខ្លួន បាននៅវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ក្នុងព្រៃជើងភ្នំ កញ្ចុះព្រៃ ស្ថិតក្នុង ភូមិអូ រល្ពៅ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅដែលពួកគេ និងអ្នកញៀនល្បែងជាង ២០នាក់ទៀត កំពុងលេងអាប៉ោង នៅចំណុចខាងលើ ជាយូរថ្ងៃមកហើយ ។ លោក ប៉ុល វុទ្ឋី នាយការិយាល័យ ព្រហ្មទណ្ឌ័កំរិតស្រាល របស់ស្នងការដ្ឋាន នគរបាលខេត្ត បាននិយាយអោយដឹងថាៈ ក្រោយពេល ទទួលដំណឹងថា ក្រុមអ្នកញៀនល្បែង ស៊ីសងទាំងនោះ តែងតែប្រមូលផ្តុំគ្នា ទៅលេងនៅចំណុច ខាងលើនេះ លោកឧត្តមសេនីយ៏ត្រី ប្រាក់ វុឌ្ឍី ស្នងការ នគរបាល ខេត្តកំពង់ឆ្នាំង និងមានការឯកភាពពី លោកអភិបាលខេត្ត បានបញ្ជារអោយ លោកដឹកនាំកម្លាំង សហការជាមួយ មន្ត្រីនគរបាលមូលដ្ឋាន បានធ្វើការពទ្ឋ័ចាប់ បានជនសង្ស័យចំនួន ៥នាក់ ក្នុងចំណោមគ្នាគេ ជាង២០នាក់ រួមនិងវត្ថុតាង មួយចំនួន ចំណែកមួយចំនួន ទៀតដឹងខ្លួនទាន់បានរត់ គេចខ្លួនបាត់ ។

អ្នកលេងអាប៉ោងទាំង ៥នាក់ រួមមាន ១, ឈ្មោះ នូ មន ភេទប្រុស អាយុ៣៦ឆ្នាំ ជាមេអាបាញ់ប៉ោង ២, ឈ្មោះអុំ ស្រីនាង អាយុ៣៤ឆ្នាំ ទាំង២នាក់ ជាប្តីប្រពន្ឋនិងគ្នា មានទីលំនៅភូមិរលួស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ៣, ឈ្មោះ ហេងសំអុន អាយុ៥១ឆ្នាំ ភេទប្រុស, ៤, ឈ្មោះ ហែម គឹមហៀង អាយុ៤៨ឆ្នាំ ទាំង២នាក់ ជាប្តីប្រពន្ឋនិងគ្នា មានទីលំនៅផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិសាត់ និង ៥, ឈ្មោះ គា វុទ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកែឡាត ឃុំពន្លៃ ស្រុកបរិបូរណ៏ ។

ចំណែក វត្ថុតាងរឹបអូស បានរួមមាន មេអាប៉ោង៣គ្រាប់ រថយន្តកូរ៉ូឡាពណ៏ក្រហម ពាក់ស្លាកលេខភ្នំពេញ 2J.3413 ជាកម្មសិទ្ឋ របស់ឈ្មោះ នូ មន មួយគ្រឿង ម៉ូតូហុងដាឌ្រីម មួយគ្រឿង និងលុយចំនួន ៣លានរៀល។ ជនសង្ស័យទាំង ៥នាក់ រួមជាមួយវត្ថុតាង ត្រូវបាន មន្ត្រីនគរបាល ព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត កសាងសំណុំរឿង បញ្ឃូនទៅតុលាការ ចាត់ការ តាមនិតិវិធី នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៤នេះ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ដោយ៖ ឈាង វណ្ណៈ