Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំ​គ្នា​ដេញចាប់​បាន​ផ្អើល​វត្ត​ស្រះ​ចក ទើប​សារភាព​ថា​ប្រព្រឹត្ត​២​លើក​ហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់កំពុងជិះលើម៉ូតូកង់បីឥណ្ឌាហើយយកទូរស័ព្ទមកចុចសុខៗ ស្រាប់តែត្រូវមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកជិតហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ ហើយជនសង្ស័យបានរត់គេចខ្លួនចូលក្នុងវត្តស្រះចក ក៏ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន និងប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចកយកទៅសួរនាំ ។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៨៦កែង៦១ នៅចំណុចមុខវត្តស្រះចក ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ ចេង នុច ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់កំពុងជិះលើម៉ូតូកង់បីឥណ្ឌាមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ៦១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាBEAT ពណ៌ក្រហម បើកបរតាមបណ្តោយផ្លូវ៦១ ក្នុងទិសដៅពីជើងទៅត្បូង ។

តាមប្រភពដដែលបានបន្តថា ពេលដែលជនសង្ស័យឃើញជនរងគ្រោះកំពុងចុចទូរស័ព្ទដៃក៏ឆ្លៀតឱកាសជិះម៉ូតូទៅជិត រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងមិនស្គាលម៉ាកពីជនរងគ្រោះបានសម្រេច ភ្លាមៗនោះដែរ ម៉ូតូកង់បីឥណ្ឌាបានបើកដេញតាមកៀរម៉ូតូរបស់ជនសង្ស័យទៅដល់ចំណុចផ្លូវ៨៦ មុខវត្តស្រះចក ធ្វើឱ្យជនសង្ស័យរេចង្កូតម៉ូតូបុកគូទរថយន្តមួយគ្រឿងដែលចតទុកចោលនៅចិញ្ចើមផ្លូវ បណ្តាលអោយដួលម៉ូតូ ហើយជនសង្ស័យបានរត់ចូលទៅក្នុងវត្តស្រះចក ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ក្របួចជាប់រួចប្រគល់ទៅអោយសមត្ថកិច្ចប៉ុស្តិ៍ស្រះចកដើម្បីយកទៅធ្វើការសួរនាំ ។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពទាំងអស់២លើក ដោយលើកទី១ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅម្តុំផ្សារកណ្តាល ប៉ុន្តែអត់បានសម្រេច ហើយលើកនេះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃទៀតក៏អត់បានសម្រេចដូចគ្នា ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ចំណែកជនរងគ្រោះពេលយកបានទូរស័ព្ទដៃរួចក៏ជិះម៉ូតូកង់បីឥណ្ឌាចេញទៅបាត់ ។ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខ័ណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបន្តទៅតុលាការចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព