បណ្តាញសង្គម

យប់​ក្តៅស្អុះ​ស្អាប់​ពេក​គាត់​បាន​ចំហ​ទ្វារ​តូច​តែ​មិន​នឹក​ស្មានថា​ទៅ​ជា​យ៉ាងនេះ​សោះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ បន្ទាប់ពីបានផ្សំគំនិត ហើយជនរងគ្រោះដេញចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិប្រប្រកខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះនាង សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមានឈ្មោះ សុតសុភា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានសម្រាកនៅក្នុងបន្ទប់ជាមួយក្រុមគ្រួសាររបស់គាត់ បន្ទាប់មកនៅពេលយប់ក្តៅស្អុះស្អាប់ពេក ពួកគាត់បានចំហទ្វារតូច ដើម្បីអោយខ្យល់ចូលកុំអោយក្តៅស្អុះពេក ។

លុះបន្ទាប់មកជនសង្ស័យម្នាក់បានត្បៀតទ្វារ ដើម្បីឈោងយកលែបថបរបស់គាត់ដែលទុកនៅលើគ្រែ គាត់បានភ្ញាក់ទាន់ឃើញជនសង្ស័យស្រវ៉ាយក ហើយនៅពេលនោះគាត់បានដេញជនសង្ស័យទាំង២នាក់ ភ្លាមៗផងដែរ ខណៈពេលនោះមាននាក់រត់ម៉ូតូកង់បីបានជួយដេញឃាត់បានម្នាក់ ចំណែកម្នាក់ដែលលួចលែបថបបានរត់គេចខ្លួនបាត់ ។ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗនោះដែរជនរងគ្រោះតេប្តឹងសមត្ថកិច្ច អោយជួយអន្តរាគមន៍ និងនាំជនសង្ស័យទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលកាកាបទី១ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីសាកសួរជនសង្ស័យខាងលើ គឺជាមុខសញ្ញាចាស់ទើបលួចគាស់ផ្ទះគេហើយថ្មីៗផងដែរ ។ ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី១បានបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព